| |

ដោយសារសង្គ្រាមអ៊ីរ៉ង់ ច្រកសមុទ្រ Hormuz ជាប់គាំង ទើបប្រទេសឥណ្ឌាពិចារណានាំចូលប្រេងពីរុស្ស៊ីវិញ!


ដោយសារតែការរំខានដល់លំហូរប្រេងឆ្លងកាត់ ច្រកសមុទ្រ Hormuz ដែលបង្កឡើងដោយភាពតានតឹងនិងជម្លោះនៅតំបន់អាស៊ីខាងលិច រដ្ឋាភិបាលឥណ្ឌា និងក្រុមហ៊ុនចម្រាញ់ប្រេងក្នុងវិស័យសាធារណៈ កំពុងពិចារណាបង្កើនការនាំចូលប្រេងឆៅពីប្រទេសរុស្ស៊ី ដើម្បីធានាការផ្គត់ផ្គង់ថាមពលឲ្យបានជាបន្តបន្ទាប់។

ប្រភពព័ត៌មានពាណិជ្ជកម្មបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ឥណ្ឌាបានកាត់បន្ថយការនាំចូលប្រេងពីរុស្ស៊ីយ៉ាងគួរឱ្យកត់សម្គាល់ ក្នុងអំឡុងពេលចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណា ក្រោយពេលមានការផ្អាកការដឹកជញ្ជូនតាម ច្រកសមុទ្រ Hormuz ប្រេងឆៅរបស់រុស្ស៊ីដែលមានស្រាប់ក្នុងបរិមាណច្រើន អាចក្លាយជាជម្រើសសំខាន់សម្រាប់ឥណ្ឌា ក្នុងការបំពេញតម្រូវការក្នុងស្រុក។

ឥណ្ឌា គឺជាប្រទេសប្រើប្រាស់ប្រេងឆៅធំជាងគេទីបីលើពិភពលោក ដែលពឹងផ្អែកលើការនាំចូលជាង ៨៨ ភាគរយ។ ការផ្គត់ផ្គង់ប្រេងពីប្រទេសដូចជា អ៊ីរ៉ាក់ អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងគុយវ៉ែត ភាគច្រើនត្រូវឆ្លងកាត់ច្រកសមុទ្រនេះ ដែលធ្វើឲ្យផ្លូវទឹកនេះមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់សន្តិសុខថាមពលរបស់ឥណ្ឌា។

គួរបញ្ជាក់ថា ច្រកសមុទ្រ Hormuz ជាផ្លូវទឹកតូចចង្អៀតស្ថិតរវាងអ៊ីរ៉ង់ និងអូម៉ង់ ភ្ជាប់ឈូងសមុទ្រពែរ្សទៅឈូងសមុទ្រអូម៉ង់ និងសមុទ្រអារ៉ាប់។ ផ្លូវនេះគ្រប់គ្រងប្រហែលមួយភាគប្រាំនៃការប្រើប្រាស់ប្រេងឥន្ធនៈរាវ និងពាណិជ្ជកម្មឧស្ម័នធម្មជាតិរាវ (LNG) ទូទាំងពិភពលោក។ ជាមួយគ្នានេះ កាលពីយប់ថ្ងៃសៅរ៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសថា ច្រកសមុទ្រនេះត្រូវបានបិទជាបណ្ដោះអាសន្ន ដែលបណ្តាលឲ្យក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងជាច្រើនផ្អាកសកម្មភាព ដើម្បីជៀសវាងហានិភ័យពីជម្លោះក្នុងតំបន់។

អ្នកជំនាញក្នុងវិស័យថាមពលបានបញ្ជាក់ថា រោងចក្រចម្រាញ់ប្រេងឥណ្ឌាមានស្តុកប្រេងឆៅលើសពី ១០ថ្ងៃ រួមទាំងស្តុកប្រេងឥន្ធនៈប្រហែលមួយសប្តាហ៍។ លើសពីនេះ ប្រទេសក៏មានទុនបម្រុងប្រេងយុទ្ធសាស្ត្រប្រមាណមួយសប្តាហ៍ផងដែរ។ ដើម្បីទប់ស្កាត់កង្វះខាតដែលអាចកើតមាន ឥណ្ឌាអាចប្រើប្រាស់ទុនបម្រុងយុទ្ធសាស្ត្រ បង្កើនការនាំចូលពីតំបន់ក្រៅ Hormuz និងពង្រឹងកិច្ចសន្យាជាមួយអ្នកផ្គត់ផ្គង់ជំនួស ដូចជា សហរដ្ឋអាមេរិក អាហ្វ្រិកខាងលិច និងអាមេរិកឡាទីន។

ទោះយ៉ាងណា ក្នុងរយៈពេលខ្លី ប្រេងរបស់រុស្ស៊ីដែលមានស្រាប់នៅក្នុងតំបន់អាចមានតួនាទីសំខាន់ក្នុងការសម្រួលស្ថានភាព។

ការផ្អាក ឬការកាត់បន្ថយយ៉ាងខ្លាំងនៃលំហូរប្រេង និងឧស្ម័នឆ្លងកាត់ ច្រកសមុទ្រ Hormuz អាចមានផលប៉ះពាល់យ៉ាងច្បាស់លាស់ដល់ទីផ្សារថាមពលពិភពលោក និងសន្តិសុខថាមពលរបស់ឥណ្ឌា។ ទោះបីជាអ្នកជំនាញភាគច្រើនមើលឃើញថា ការបិទផ្លូវរយៈពេលវែងមិនទំនងកើតមានក៏ដោយ ប៉ុន្តែរយៈពេលនៃការរំខាននឹងកំណត់កម្រិតផលប៉ះពាល់ជាក់ស្តែង។ ដូច្នេះ ប្រសិនបើមានការបិទ ច្រកសមុទ្រ Hormuz រយៈពេលយូរ ស្ថានភាពផ្គត់ផ្គង់ឧស្ម័ននៅឥណ្ឌា អាចក្លាយជាបញ្ហាប្រឈមសំខាន់សម្រាប់ឥណ្ឌា។

ប្រភព៖ Indian Express