|

ជនស៊ីវិលយ៉ាងហោចណាស់ ៤២ នាក់បានបាត់បង់ជីវិត ក្នុងជម្លោះព្រំដែនរវាងអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន


ភ្នាក់ងារជំនួយរបស់អង្គការសហប្រជាជាតិប្រចាំប្រទេសអាហ្វហ្គានីស្ថាន (UNAMA) បានចេញសេចក្តីថ្លែងការណ៍អាសន្នមួយនៅថ្ងៃអង្គារនេះ ដោយបានបញ្ជាក់ពីទំហំនៃការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរ ក្នុងជម្លោះប្រដាប់អាវុធនៅតាមព្រំដែនរវាងកងកម្លាំងតាលីបង់ និងកងទ័ពប៉ាគីស្ថាន។ យោងតាមទិន្នន័យបឋម ជនស៊ីវិលយ៉ាងហោចណាស់ ៤២ នាក់បានបាត់បង់ជីវិត និង ១០៤ នាក់ផ្សេងទៀតបានរងរបួស ចាប់តាំងពីការប៉ះទង្គិចគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី ២៦ ខែកុម្ភៈមក។

យោងតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters វិបត្តិសន្តិសុខនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ខេត្តជាប់ព្រំដែនចំនួន ៥ រួមមានខេត្ត Paktika, Nangarhar, Khost, Kunar និង Paktya ដែលបានរងការបាញ់ផ្លោង និងការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរ។ ក្រៅពីការបាត់បង់ជីវិត ទីភ្នាក់ងារ UNAMA បានព្រមានថា ជម្លោះនេះបានបង្ខំឱ្យគ្រួសារប្រមាណជាង ១៦,៤០០ គ្រួសារ ត្រូវភៀសខ្លួនចេញពីលំនៅឋាន ដែលកំពុងរុញច្រានតំបន់នេះឱ្យធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌កាន់តែជ្រៅ។

ភាពតានតឹងបានឈានដល់កម្រិតកំពូល បន្ទាប់ពីប៉ាគីស្ថានបានបើកប្រតិបត្តិការយោធាដើម្បីកម្ទេចក្រុមប្រដាប់អាវុធដែលខ្លួនចោទថាបានប្រើប្រាស់ទឹកដីអាហ្វហ្គានីស្ថានជាមូលដ្ឋានបង្អែក ខណៈដែលរដ្ឋាភិបាលតាលីបង់បានបដិសេធ និងឆ្លើយតបវិញដោយការប្រើប្រាស់អាវុធធុនធ្ងន់។ ស្ថានការណ៍នេះបានបង្កឱ្យមានការបារម្ភយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ អំពីលទ្ធភាពនៃការរីករាលដាលនៃសង្រ្គាមទ្រង់ទ្រាយធំរវាងប្រទេសជិតខាងទាំងពីរ។

អង្គការសហប្រជាជាតិបានអំពាវនាវយ៉ាងទទូចដល់ភាគីជម្លោះទាំងពីរឱ្យប្រកាន់ខ្ជាប់នូវការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ការវាយប្រហារដែលប៉ះពាល់ដល់ជនស៊ីវិលជាបន្ទាន់។ ទន្ទឹមនឹងនេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតកំពុងត្រូវបានធ្វើឡើង ដើម្បីបន្ធូរបន្ថយភាពតានតឹង និងការពារកុំឱ្យមានការបាត់បង់ជីវិតមនុស្សស្លូតត្រង់បន្ថែមទៀត នៅក្នុងតំបន់អាស៊ីខាងត្បូងដែលកំពុងមានភាពវឹកវរនេះ៕

ប្រភព៖ Reuters