ភ្លើងសង្គ្រាមអ៊ីរ៉ង់ បើកដៃឲ្យកូរ៉េខាងជើង មានឱកាសបន្តចរចានុយក្លេអ៊ែរជាមួយអាមេរិក ជាថ្មី!
ការវាយប្រហារយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ កំពុងត្រូវបានអ្នកជំនាញ និងអតីតមន្ត្រីជាច្រើនវាយតម្លៃថា អាចជំរុញឱ្យមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពង្រឹងមហិច្ឆតានុយក្លេអ៊ែររបស់ខ្លួន ខណៈពិភពលោកកំពុងផ្តោតលើសំណួរថា តើទីក្រុងព្យុងយ៉ាងនឹងវិលត្រឡប់មកតុចរចាជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឬយ៉ាងណា?

ការចរចាដើម្បីដោះស្រាយបញ្ហាឃ្លាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលស្ថិតក្រោមទណ្ឌកម្មអន្តរជាតិយ៉ាងតឹងរឹង បានបរាជ័យ បើទោះបីមានកិច្ចប្រជុំកំពូលរវាងលោក គីម និងលោក ត្រាំ នៅឆ្នាំ ២០១៨ និង ២០១៩ កន្លងមកក៏ដោយ។ ទោះជាយ៉ាងណា ការវាយប្រហារលើអ៊ីរ៉ង់ពេលថ្មីៗនេះ អាចធ្វើឱ្យកូរ៉េខាងជើងពិចារណាយុទ្ធសាស្ត្ររបស់ខ្លួនឡើងវិញ។
មុនពេលសង្គ្រាមកើតមាន លោក គីម បានសន្យានៅសមាជបក្សកាន់អំណាចថា នឹងបន្តពង្រីកសមត្ថភាពអាវុធនុយក្លេអ៊ែរ ប៉ុន្តែក៏បានបង្ហាញសញ្ញាថា ទ្វារចរចានៅតែបើកចំហ ប្រសិនបើអាកប្បកិរិយារបស់ទីក្រុងវ៉ាស៊ីនតោនមានការផ្លាស់ប្តូរ។
ទោះជាយ៉ាងណា អ្នកវិភាគមួយចំនួនយល់ថា ការចរចាឡើងវិញជាមួយសហរដ្ឋអាមេរិក មិនមែនជាអាទិភាពកំពូលសម្រាប់ទីក្រុងព្យុងយ៉ាងឡើយ។ ដោយឡែក ទីប្រឹក្សាជាន់ខ្ពស់នៅមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ និងអតីតបេសកជនពិសេសអាមេរិក បានមានប្រសាសន៍ថា «ឆន្ទៈរបស់លោក ត្រាំ ក្នុងការប្រើប្រាស់កម្លាំងយោធា និងការគំរាមកំហែងជាឧបករណ៍ចរចា អាចធ្វើឱ្យលោក គីម មានការប្រុងប្រយ័ត្នខ្ពស់ និងមិនប្រញាប់ប្រញាល់ក្នុងការចូលរួមចរចាឡើងវិញទេ» ព្រោះកូរ៉េខាងជើងអាចដឹងហើយថា អាមេរិកមិនមែមជាដៃគូរដែលកំណត់ថា «បានគឺបាននោះទេ»។
ប្រភព៖ Reuters











