តម្លៃប្រេងពិភពលោកហក់ឡើងខ្លាំង ខណៈជម្លោះអាមេរិក-អ៊ីរ៉ង់ រីករាលដាលដល់ការវាយប្រហារលើនាវាដឹកជញ្ជូន
តម្លៃប្រេងឆៅលើទីផ្សារពិភពលោកបានកើនឡើងខ្លាំងគិតត្រឹមថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ក៏ដូចជាការប្រឈមមុខគ្នារវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល នៅតំបន់មជ្ឈិមបូព៌ា កំពុងបន្តធ្វើឱ្យមានការរំខានដល់ការដឹកជញ្ជូនប្រេងតាមសមុទ្រ។

ការកើនឡើងនេះកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានបន្តវាយប្រហារលើគោលដៅនៅទីក្រុង Tehran ខណៈអ៊ីរ៉ង់បានឆ្លើយតបដោយបាញ់មីស៊ីលជាបន្តបន្ទាប់។ រលកនៃការវាយប្រហារថ្មីៗនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់ Ali Khamenei ដែលបានបង្កើនភាពមិនច្បាស់លាស់នៅក្នុងតំបន់ និងប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក។
ជាមួយគ្នានេះ តាមរយៈការជូនដំណឹងពីវិស័យនាវាបានឥ្យដឹងថា យ៉ាងហោចណាស់នាវាដឹកប្រេងចំនួន ៣ គ្រឿងបានរងការខូចខាត ហើយមាននាវិកម្នាក់បាត់បង់ជីវិត ក្នុងអំឡុងការវាយប្រហារតបតរវាងភាគីពាក់ព័ន្ធ ខណៈដែលការសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើឱ្យកប៉ាល់នានាប្រឈមនឹងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ដោយឡែក ប្រភពពីវិស័យពាណិជ្ជកម្មបានឱ្យដឹងថា ម្ចាស់នាវាដឹកប្រេង ក្រុមហ៊ុនប្រេងធំៗ និងក្រុមហ៊ុនជួញដូរភាគច្រើន បានផ្អាកការដឹកជញ្ជូនប្រេងឆៅ, ឥន្ធនៈ និងឧស្ម័នធម្មជាតិរាវ(LNG) តាមរយៈច្រកសមុទ្រ Hormuz បន្ទាប់ពីទីក្រុងតេអេរ៉ង់ បានព្រមានដល់កប៉ាល់នានាកុំឱ្យធ្វើចរាចរណ៍កាត់តាមផ្លូវទឹកមួយនេះ។
ប្រភព៖ CNA













