ប៉ាគីស្ថាន៖ មនុស្ស ១៧ នាក់បានស្លាប់ក្នុងបាតុកម្មប្រឆាំងការសម្លាប់មេដឹកនាំអ៊ីរ៉ង់
ស្ថានការណ៍សន្តិសុខនៅក្នុងប្រទេសប៉ាគីស្ថានបានធ្លាក់ចុះដល់កម្រិតអាសន្ន កាលពីថ្ងៃអាទិត្យកន្លងទៅ បន្ទាប់ពីការផ្ទុះឡើងនៃបាតុកម្មដ៏ហិង្សានៅទូទាំងប្រទេស ដើម្បីប្រឆាំងនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នៅក្នុងប្រតិបត្តិការយោធាអន្តរជាតិមួយ។ សេចក្តីរាយការណ៍ចុងក្រោយបានបញ្ជាក់ថា មនុស្សយ៉ាងហោច ១៧ នាក់បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀតបានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខ។

នៅក្នុងទីក្រុងការ៉ាជី ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏ធំបំផុតរបស់ប៉ាគីស្ថាន បាតុកររាប់រយនាក់បានសម្រុកចូលទៅជិតស្ថានកុងស៊ុលសហរដ្ឋអាមេរិក ដោយបានវាយបំបែកបង្អួច និងព្យាយាមសម្រុកចូលទៅក្នុងបរិវេណស្ថានកុងស៊ុល។ វិធានការបង្ក្រាបដោយប្រើឧស្ម័នបង្ហូរទឹកភ្នែកពីសំណាក់កងកម្លាំងប៉ូលិស បានបណ្តាលឱ្យមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង ដែលបណ្តាលឱ្យមនុស្ស ១០ នាក់ស្លាប់ និងជាង ៧០ នាក់រងរបួស។ ស្របពេលជាមួយគ្នានោះ នៅភាគខាងជើងនៃទីក្រុងហ្គីលហ្គីត មនុស្ស ៧ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងការប៉ះទង្គិចជាមួយកងកម្លាំងប៉ូលិស ខណៈដែលនៅក្នុងទីក្រុងស្ការឌូ ក្រុមបាតុករបានសម្រុកចូលដុតបំផ្លាញការិយាល័យអង្គការសហប្រជាជាតិ (UN) និងយានយន្តជាច្រើនគ្រឿង។






នៅរដ្ឋធានីអ៊ីស្លាម៉ាបាត បាតុករប្រមាណ ៤,០០០ នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវដោយកាន់រូបថតរបស់លោក Ayatollah Ali Khamenei ដោយស្រែកពាក្យស្លោកប្រឆាំងនឹងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ទោះបីជាមានការអន្តរាគមន៍ពីកងកម្លាំងប៉ូលិសដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងការបាញ់កាំភ្លើងឡើងលើដើម្បីបំបែកហ្វូងមនុស្សក៏ដោយ ក៏ភាពតានតឹងនៅតែបន្តកើនឡើង។ បាតុករបានសម្តែងការខឹងសម្បារយ៉ាងខ្លាំង ដោយចាត់ទុកថាការសម្លាប់មេដឹកនាំអ៊ីរ៉ង់ គឺជាទង្វើឈ្លានពានដែលប៉ះពាល់ដល់អារម្មណ៍អ្នកកាន់សាសនាឥស្លាមទូទាំងពិភពលោក។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ថាជា «ការរំលោភលើច្បាប់អន្តរជាតិ»។ ទោះជាយ៉ាងណាក៏ដោយ លោកបានអំពាវនាវឱ្យប្រជាជនរក្សាភាពស្ងប់ស្ងាត់ និងអត់ធ្មត់ ដើម្បីបញ្ចៀសការបាត់បង់អាយុជីវិតបន្ថែមទៀតនៅក្នុងគ្រាដ៏លំបាកនេះ។
ជុំវិញស្ថានការណ៍នេះ ស្ថានទូតសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសប្រចាំនៅប៉ាគីស្ថាន បានចេញសេចក្តីប្រកាសព្រមានជាបន្ទាន់ ដោយណែនាំឱ្យពលរដ្ឋរបស់ខ្លួនបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត និងជៀសវាងការធ្វើដំណើរទៅកាន់ទីតាំងដែលមានការជួបជុំគ្នា។ សកម្មភាពហិង្សានាពេលនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីឥទ្ធិពលនៃការវិវត្តន៍នៃជម្លោះនៅមជ្ឈិមបូព៌ា ដែលកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងស្ថិរភាពនយោបាយក្នុងតំបន់អាស៊ីខាងត្បូង៕
ប្រភព៖ AFP













