លទ្ធផលកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា
ដោយ៖ ផាត់ គឺមឆែ
យោងតាមសេចក្ដីប្រកាសព័ត៌មាន៖ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាបានបើកកិច្ចប្រជុំដើម្បីបូកសរុបសមិទ្ធផលការងារ និងទិសដៅបន្តរបស់ខ្លួនដែលកិច្ចប្រជុំនេះដឹកនាំដោយ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងវត្តមានសមាជិក សមាជិកា សរុបប្រមាណ២០០នាក់។
ផ្ដើមកិច្ចប្រជុំ លោក ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះការខិតខំប្រឹងប្រែងរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូបដែលបានចំណាយអស់កម្លាំងកាយចិត្តចូលរួមធ្វើសកម្មភាពដើម្បីជាប្រយោជន៍ដល់សង្គមជាតិនិងប្រជាជន។ ជាពិសេសនៅក្នុងដំណាក់កាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ នៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារ និងទិសដៅបន្តរបស់គណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជាបានបង្ហាញថា៖
លើការពង្រឹងនិងពង្រីកអង្គការចាត់តាំង ស.ស.យ.ក. សម្រេចបានការរៀបចំរចនាសម្ព័ន្ធរបស់ខ្លួនដល់ថ្នាក់មូលដ្ឋាន ដោយថ្នាក់ក្រុង ស្រុក ខណ្ឌ បានសម្រេច១០០% និងថ្នាក់ឃុំសង្កាត់បាន៨៥,១៨%។ ដោយឡែក សមាជិក សមាជិកា ទូទាំងប្រទេសមានចំនួនប្រមាណ ១៨ម៉ឺននាក់។ គួរបញ្ជាក់ថា ក្នុងឆ្នាំកន្លងទៅ ស.ស.យ.ក. បានសម្រេចសមិទ្ធផលជាច្រើន លើការលើកតម្កើងវប្បធម៌ និងសាសនា ការជំរុញស្វែងយល់ពីប្រវត្តិសាស្ត្រ ការចូលរួមក្នុងវិស័យអប់រំ កីឡា ព្រមទាំងសកម្មភាពសង្គម និងមនុស្សធម៌នានាជាច្រើន ដែលសកម្មភាពទាំងអស់នេះ ទទួលបានការគាំទ្រនិងកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំប្រទេស ស្ថាប័នជាតិ វិស័យឯកជន និងប្រជាពលរដ្ឋទូទៅផងដែរ។
ដោយឡែកក្នុងកាលៈទេសៈដែលប្រទេសកំពុងរងផលប៉ះពាល់ដោយការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែង ជាមួយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរាលដាលនូវជំងឺដ៏កាចសាហាវនេះ ដោយបំពេញបេសកកម្មយ៉ាងមមាញឹក ក្នុងការផ្សព្វផ្សាយ ចូលរួមជាមួយអាជ្ញាធម៌មូលដ្ឋាន ដើម្បីបញ្ជ្រាបការយល់ដឹងដល់ស្រទាប់មហាជនពីការការពារខ្លួនពីជំងឺកូវីដ-១៩ តាមមធ្យោបាយផ្សេងៗ។
ជាមួយគ្នានេះផងដែរ ក្រុមគ្រូពេទ្យ ស.ស.យ.ក. មានចំនួន២ក្រុម ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី និងសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងយុទ្ធនាការចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេស ដោយក្រុមគ្រូពេទ្យទាំង២បាននឹងកំពុងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៦២៦,២៥២ នាក់ (៣៣៦,៣៥៨ នាក់សម្រាប់ដូសទីពីរ) ដោយប្រើប្រាស់កម្លាំងគ្រូពេទ្យស្ម័គ្រចិត្តសរុបជាង ៣ពាន់នាក់ ក្នុងនោះមានសមាជិក សមាជិកា ស.ស.យ.ក. តាមរាជធានីខេត្តប្រមាណ ៦ពាន់នាក់ ចូលរួមសម្របសម្រួលនៅតាមទីតាំងចាក់វ៉ាក់សាំងផងដែរ។
សម្រាប់ទិសដៅបន្ត ប្រធានស្ថាប័នយុវជនធំជាងគេនៅកម្ពុជារូបនេះ បានផ្ដាំផ្ញើដល់ក្បាលម៉ាស៊ីនដឹកនាំទាំងអស់នូវគន្លឹះមួយចំនួនដើម្បីយកមកពិចារណា និងកែច្នៃអនុវត្តលើការងារមួយចំនួនដូចជា បង្រឹងទំនាក់ទំនងការងារជាមួយថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ ដើម្បីធានាប្រសិទ្ធភាព បន្តពង្រឹង និងពង្រីកសមាជិកភាព ដោយផ្ដោតលើគុណភាព និងបរិមាណ ក៏ដូចជាតាមដានវឌ្ឍនភាពការងាររបស់ខ្លួនជាប្រចាំ ជាពិសេសក្ដាប់ឲ្យបានស្ថានភាពរបស់សមាជិក សមាជិកានៅមូលដ្ឋានដែលអាចជួបប្រទះការលំបាកដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីស្វែងរកលទ្ធភាពជួយសម្រាលទុក្ខធុរៈ។
កិច្ចប្រជុំបានបញ្ចប់នៅក្នុងវេលាព្រឹកថ្ងៃដដែល ប្រកបដោយលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ និងក្រោមបរិយាកាសរីករាយស្និទ្ធស្នាលបំផុត ទោះបីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានតម្រូវឲ្យសមាជិក សមាជិកា ត្រូវប្រជុំពីទីតាំងរៀងៗខ្លួនយ៉ាងណាក្ដី៕