|

ក្រសួងវប្បធម៌ មិនទទួលការការចោទប្រកាន់ពីការសែតថៃដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា!


នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានកត់សម្គាល់នូវសេចក្តីថ្លែងការណ៍ដែលសន្មតថា ជារបស់ ឯកឧត្តម ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ដូចដែលបានរាយការណ៍ដោយកាសែត The Nation Thailand ដោយចោទប្រកាន់ថា កម្ពុជាបានប្រើប្រាស់ប្រាសាទព្រះវិហារជាមូលដ្ឋានយោធា។ ជាមួយគ្នានេះ ក្រសួង បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះ។

គួរបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជាសម្បត្តិវប្បធម៌ និងសាសនាដ៏ពិសិដ្ឋ ដែលមានតម្លៃលេចធ្លោជាសកល។ ក្នុងន័យនេះ ប្រាសាទព្រះវិហារមិនដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានយោធាឡើយ។

ក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ និងអនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការ ការពារទ្រព្យសម្បត្តិវប្បធម៌ និងធានាថា តំបន់បេតិកភណ្ឌពិភពលោកនេះ ត្រូវបានរក្សាទុកសម្រាប់តែគោលបំណង សន្តិភាព វប្បធម៌ និងសាសនាប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រទេសកម្ពុជាកំពុងប្រមូល កត់ត្រា និងថែរក្សាភស្តុតាងទាំងអស់ដែលទាក់ទងនឹងការវាយប្រហារ ទៅលើប្រាសាទ និងការខូចខាតដែលកើតឡើង ដោយសារការវាយប្រហាររបស់យោធាថៃ ដែលរំលោភបំពានមកលើដែនអធិបតេយ្យភាពកម្ពុជា ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងជួស ទប់ស្កាត់បញ្ហាព្រំដែននាពេលអនាគត។ កត្តានេះ ក៏ជួយធានាការទទួលខុសត្រូវក្រោមក្របខ័ណ្ឌច្បាប់អន្តរជាតិ រួមទាំង ច្បាប់មនុស្សធម៌អន្តរជាតិ និងអនុសញ្ញាដែលគ្រប់គ្រងនិងការពារ។

ជាងនេះទៅទៀត ក្រសួងវប្បធម៌បានគូសបញ្ជាក់ថា អធិបតេយ្យភាពរបស់កម្ពុជាលើប្រាសាទ និងតំបន់ជុំវិញប្រាសាទ ត្រូវបានដោះស្រាយជាស្ថាពរដោយសាលក្រមរបស់តុលាការ យុត្តិធម៌អន្តរជាតិ (ICJ) ដូច្នេះការប៉ុនប៉ងចោទប្រកាន់អំពីប្រាសាទជាមូលដ្ឋានយោធា គឺជាការ មិនអើពើនឹងការពិតផ្នែកច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់អំណាចតុលាការ និងគំរាមកំហែងដល់សន្តិភាពក្នុងតំបន់។

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ