សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា រៀបចំសន្និសីទវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី១ ក្រោមប្រធានបទ “ រោគវិនិច្ឆ័យត្រឹមត្រូវ គឺជាវិថីនាំទៅរកការព្យាបាលជោគជ័យ ”
សន្និសីទវិទ្យាសាស្រ្តប្រចាំឆ្នាំលើកទីមួយរបស់សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា(Cambodian Association of Pathology) នឹងត្រូវរៀបចំឡើងនាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ ក្រោមប្រធានបទ «រោគវិនិច្ឆ័យត្រឹមត្រូវ គឺជាវិថីនាំទៅរកការព្យាបាលជោគជ័យ» នៅសណ្ឋាគារភ្នំពេញ។
សន្និសីទនេះ នឹងប្រមូលផ្ដុំ សាស្រ្តាចារ្យ វេជ្ជបណ្ឌិតជាតិនិងអន្តរជាតិ គ្រូពេទ្យជំនាញ និងអ្នកវិទ្យាសាស្ត្រមន្ទីរពិសោធន៍ជាច្រើនរូប ដើម្បីរួមគ្នាចែករំលែកជំនាញរោគសាស្ត្រ កោសិកាសាស្រ្ត ដែលជាការឆ្លុះបញ្ចាំងពីតួនាទីសំខាន់មិនអាចខ្វះបានរបស់ផ្នែកកាយ វិភាគរោគវិទ្យានៅក្នុងវេជ្ជសាស្ត្រសម័យទំនើប។
ការធ្វើរោគវិនិច្ឆ័យដែលមានភាពត្រឹមត្រូវ គឺជាមូលដ្ឋានសំខាន់នៃការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ដោយជួយដល់ការព្យាបាលឱ្យបានត្រឹមត្រូវ ការវាយតម្លៃអនាគតជំងឺ និងការរៀបចំយុទ្ធសាស្ត្រសុខភាពសាធារណៈ។ ដូច្នេះតាមរយៈសន្និសីទនេះ សមាគមមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរចំណេះដឹងវិទ្យាសាស្ត្រ ការអភិវឌ្ឍជំនាញបន្ត។

សន្និសីទវិទ្យាសាស្ត្រលើកទីមួយនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សមាគមក្នុងការជំរុញគុណភាព ភាពច្បាស់លាស់ និងនវានុវត្តន៍ក្នុងការធ្វើរោគវិនិច្ឆ័យ ផ្នែកកាយវិភាគរោគវិទ្យាទោះបីជាប្រឈមមុខនឹងធនធាននៅមានកម្រិត ។សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា មានបំណងក្លាយជាវេទិកាជាតិ សម្រាប់ការអប់រំ ការស្រាវជ្រាវ និងឧត្តមភាពវិជ្ជាជីវៈ ដើម្បីរួមចំណែកដល់អនាគតនៃវេជ្ជសាស្ត្រដែលផ្អែកលើភាពច្បាស់លាស់ (Precision Medicine) នៅក្នុងប្រទេសកម្ពុជា។


គួរកត់សម្គាល់ផងដែរថា សមាគមគ្រូពេទ្យរោគសាស្ត្រកម្ពុជា(Cambodian Association of Pathology) ជាសមាគមវិជ្ជាជីវៈវ័យក្មេងដែលទើបបង្កើតឡើង ប៉ុន្តែសមាគមនេះបាននិងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស ព្រមទាំងបានដើរតួនាទីសំខាន់ក្នុងការពង្រឹងគុណភាពនៃការធ្វើរោគវិនិច្ឆ័យ ការធ្វើស្តង់ដារនៃការអនុវត្តវិជ្ជាជីវៈកាយវិភាគវិទ្យា និងការជួយដល់ការសម្រេចចិត្តផ្នែកវេជ្ជសាស្ត្រ ៕















