|

រាជរដ្ឋាភិបាលកម្ពុជា ​​សម្រេចលើកលែងទិដ្ឋាការ​ភ្ញៀវទេសចរចិន រយៈពេល ៤ខែ ដោយអាចស្នាក់នៅកម្ពុជាបាន ចំនួន១៤ថ្ងៃ មិនអស់កម្រៃ


នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ នេះ ដោយទទួលបានការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្ដីប្រកាសមួយ ដោយបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិនដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់។

ក្រសួងទេសចរណ៍បញ្ជាក់បន្ថែមថា ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំ តម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។

គួរបញ្ជាក់ថា ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។

ប្រភព៖ ក្រសួងទេសចរណ៍