ប្រជាជនភៀសសឹកប្រមាណ ៣០ ម៉ឺននាក់ ក្នុងចំណោមប្រជាជនភៀសសឹកជាង ៥៤ម៉ឺននាក់ក្នុងខេត្តចំនួន៧ បានទទួលការយល់ដឹងពីការគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ
នៅថ្ងៃទី១៥ ខែមករានេះ អាជ្ញាធរមីន ក្នុងនាមជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានដាក់ចេញនូវសេចក្តីណែនាំសម្រាប់ភាគីពាក់ព័ន្ធ ស្តីពី វិធានការបន្ទាន់ក្នុងការអប់រំផ្សព្វផ្សាយការយល់ដឹងពី គ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ដើម្បីធានាសុវត្ថិភាពប្រជាជនភៀសសឹកវិលត្រឡប់ទៅលំនៅឋានវិញ ក្រោយមានការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាជាលើកទី២ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។



អនុវត្តតាមសេចក្តីណែនាំនេះ គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ប្រជាជនភៀសសឹកប្រមាណ ៣០ ម៉ឺននាក់ ក្នុងចំណោមប្រជាជនភៀសសឹកសរុបចំនួនជាង ៥៤ម៉ឺន នាក់ បានទទួលការអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតាមមណ្ឌលជនភៀសសឹកក្នុងខេត្តចំនួន៧ រួមមាន ខេត្តពោធិ៍សាត់ បាត់ដំបងបន្ទាយមានជ័យ សៀមរាប កោះកុង ព្រះវិហារ និងឧត្តរមានជ័យ។
ជាមួយនឹងយុទ្ធនាការអប់រំផ្សព្វផ្សាយការយល់ដឹងពីយុទ្ធភណ្ឌគ្រឿងផ្ទុះ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា បាននិងកំពុងប្រមូលយកទៅកម្ទេចចោលយុទ្ធភណ្ឌគ្រប់ប្រភេទ និងបន្តធ្វើការស្រាវជ្រាវនិងបោសសម្អាត ទីតាំងមួយចំនួន ដើម្បីធានាបាននូវសុវត្ថិភាពជូនប្រជាជនភៀសសឹកមុនពេលពួកគាត់វិលត្រឡប់ទៅលំនៅដ្ឋានវិញ។
ជាងនេះទៅទៀត អាជ្ញាធរមីនបាន ប្ដេជ្ញាបន្តកិច្ចសហការជាមួយប្រទេសម្ចាស់ជំនួយ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកធនធានបន្ថែមសម្រាប់គាំទ្រដល់សកម្មភាពបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះថ្មីៗ នៅកម្ពុជា។
ប្រភព៖ អាជ្ញាធរមីន















