|

ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ដើម្បីក្លាយជាមូលធនមនុស្ស ត្រូវពង្រឹងចំណេះដឹង ចាប់យកជំនាញឱ្យបានច្បាស់ ទើបជាខឿនការពារជាតិដ៏រឹងមាំពីការរំលោភបំពានពីប្រទេសដទៃ


នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្ដែងការគួរសម និងផ្តល់អនុសាសន៍ណែនាំជូនដល់និស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលនូវែលសេឡង់ ឆ្នាំសិក្សា២០២៦ ចំនួន ៣០រូប មុនចេញដំណើរទៅបន្តការសិក្សានៅប្រទេសនូវែលសេឡង់។

ដោយឡែក ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានរំលេចនូវគន្លឹះស្វ័យសិក្សាមួយចំនួនដូចជា ត្រូវពង្រឹងសមត្ថភាពភាសាឱ្យខ្លាំងតាមរយៈការអាននិងសរសេរឱ្យបានច្រើន បង្កើតទម្លាប់រៀនសូត្រឱ្យបានត្រឹមត្រូវ យកចិត្តទុកដាក់ស្រាវជ្រាវ ត្រូវចេះសង្ខេបមេរៀន ពង្រឹងជំនាញសតវត្សទី២១ ខិតខំប្រឹងប្រែងរៀនសូត្រចាប់យកជំនាញឱ្យចេះច្បាស់ ទន្ទឹមនឹងនេះក៏ត្រូវផ្តោតយកចិត្តទុកដាក់ឱ្យលើការថែរក្សាសុខភាពឱ្យបានរឹងមាំតស៊ូជម្នះដើម្បីបង្កើនភាពធន់ខ្លួនឯងសម្រាប់ជីវិតការងារជោគជ័យនាពេលអនាគត។

ជាថ្មីម្តងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យនិស្សិតអាហារូបករណ៍ទាំងអស់ យកចិត្តទុកដាក់ខិតខំរៀនសូត្រឱ្យអស់ពីសមត្ថភាព ប្រឹងប្រែងដកបទពិសោធ និងពង្រឹងចំណេះដឹង ចាប់យកជំនាញឱ្យបានច្បាស់ ដើម្បីក្លាយជាមូលធនមនុស្សវិលត្រឡប់មកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដោយគូសបញ្ជាក់ថាធនធានមនុស្សខ្លាំង ទើបប្រទេសជាតិយើងមានការអភិវឌ្ឍប្រកបដោយចីរភាព និងជាខឿនការពារប្រទេសជាតិដ៏រឹងមាំពីការរំលោភបំពានពីប្រទេសដទៃ។

ប្រភព៖ MoEYS