ក្រសួងវប្បធម៌ បញ្ជូនរបាយការណ៍ខូចខាតតាមតំបន់ ដែលបង្កឡើងដោយយោធាថៃ ទៅអង្គការUN គណៈកម្មាធិការបេតិកភណ្ឌពិភពលោក រដ្ឋសមាជិក ICC-Preah Vihear និងសហគមន៍អន្តរជាតិ
នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចេញសេចក្ដីប្រកាសមួយស្ដីអំពី របាយការណ៍ស្ថានភាពខូចខាតនៅ រមណីយដ្ឋានប្រាសាទព្រះវិហារ និងតំបន់ជុំវិញ ដោយសារការបាញ់ប្រហាររបស់យោធាថៃ កាលពីថ្ងៃទី២៤-២៨ ខែកក្កដា ឆ្នាំ២០២៥ និងពីថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥។


យោងតាមរបាយការណ៍នេះបានបញ្ជាក់ថា កាលពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ការខូចខាតរួមមាន ប្រាង្គប្រាសាទព្រះវិហារ ចំនួន១៤២កន្លែង និងតំបន់ជុំវិញចំនួន៤២កន្លែង រួមបញ្ចូលទាំងវត្តកែវសិក្ខាគិរីស្វារៈ ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងអគារការិយាល័យអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ។ សហគមន៍ជុំវិញប្រាសាទ រងការខូចខាតចំនួន៦០កន្លែង រួមមានផ្ទះសម្បែង សាលារៀន វត្តអារាម និងហេដ្ឋារចនាសម្ព័ន្ធសាធារណៈផ្សេងទៀត បណ្តាលឱ្យប្រជាជនចំនួន១៤.៨៣២នាក់ ត្រូវបង្ខំចិត្តជម្លៀសចេញពីផ្ទះ។

ដោយឡែក ការខូចខាតចាប់ថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញថាកាន់តែធ្ងន់ធ្ងរ លើសពីអ្វីដែលបានកត់ត្រាទុកនៅក្នុងខែកក្កដា ឆ្នាំ២០២៥។ យោងតាមភស្តុតាងរូបថត និងវីដេអូដែលប្រមូល បានដោយអាជ្ញាធរជាតិព្រះវិហារ ក្នុងអំឡុងពេលបេសកកម្មចងក្រងឯកសារនាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ សំណង់ ស្ថាបត្យកម្មសំខាន់ៗស្ទើរតែទាំងអស់នៃប្រាសាទ ចាប់ពីគោបុរៈទី១ ដល់គោបុរៈទី៥ រួមទាំងស្ពានហាលតភ្ជាប់ ទាំងអស់ និងជណ្តើរបុរាណខាងជើងបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដូចគ្នាដែរ ការខូចខាតទាំងនេះគឺបណ្តាលមក ពីការផ្លោងគ្រាប់ធុនធ្ងន់ម្តងហើយម្តងទៀត និងការទម្លាក់គ្រាប់បែកពីលើអាកាសចេញពីយន្តហោះគ្មានមនុស្សបើក និងយន្តហោះចម្បាំង ដែលបានបាញ់សំដៅផ្ទាល់មកលើតំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ។
ជាមួយគ្នានោះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏បានអំពាវនាវដល់អង្គការ និងសហគមន៍អន្តរជាតិផ្តល់ការគាំទ្រដល់វិធានការបន្ទាន់ នានា សំដៅការពារប្រាសាទពីការវាយប្រហារបន្ថែម គាំទ្រដល់ការអភិរក្សបន្ទាន់ដើម្បីទប់ស្កាត់ការខូចខាតបន្តទៀត និងជួសជុលស្តារប្រាសាទឡើងវិញផងដែរ។
ប្រភព៖ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ













