|

រាជរដ្ឋាភិបាលលុចសំបួ គ្រោងនឹងបើកការិយាល័យ ទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍ នៃប្រទេសលុចសំបួ នៅកម្ពុជា


យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា គម្រោងបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍នេះ ត្រូវបានផ្តួចផ្តើមឡើង ក្នុងឱកាសព្រះរាជទស្សនកិច្ចរបស់ ព្រះអង្គម្ចាស់ Grand Duke Guillaume ដែលពេលនោះព្រះអង្គ ជារជ្ជទាយាទនៃប្រទេសលុចសំបួ និងបច្ចុប្បន្នជាព្រះមហាក្សត្រលុចសំបួ តាមរយៈការចុះហត្ថលេខា លើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រកម្ពុជា។

ការិយាល័យនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួម ចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោង ការអភិវឌ្ឍន៍នានា។ វត្តមាននៃការិយាល័យអភិវឌ្ឍន៍ខាងលើ ឆ្លុះបញ្ចាំងអំពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្ពស់មួយកម្រិតទៀត និងសបញ្ជាក់អំពីការប្តេជ្ញាចិត្ត របស់កម្ពុជានិងលុចសំបួ ក្នុងការអភិវឌ្ឍភាពជាដៃគូឱ្យកាន់តែរឹងមាំនិងយូរអង្វែង។ ប្រទេសទាំងពីរ នឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ រួមមានការអភិវឌ្ឍសេដ្ឋកិច្ចនិងការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាពនិងការគាំពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងការបោសសម្អាតមីននិងសន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន។

រាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ ស្វាគមន៍នូវកិច្ចសហ ប្រតិបត្តិការដំណាក់កាលវិវត្តនៃទំនាក់ទំនងទ្វេភាគីជាវិជ្ជមានថ្មីនេះ និងត្រៀមខ្លួនរួចរាល់ក្នុងការជំរុញ កិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធិ ក្នុងគោលដៅធ្វើអោយដំណើរការនៃការបើកការិយាល័យទីភ្នាក់ងារ សហប្រតិបត្តិការអភិវឌ្ឍន៍នៃប្រទេសលុចសំបួ នៅព្រះរាជាណាចក្រកម្ពុជាឱ្យបានឆាប់ សំដៅលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទូកាគីឱ្យកាន់តែល្អប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់ ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ។