ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផ្ដាំកីឡាករ កីឡាការនីកម្ពុជា ឱ្យប្រកាន់ភ្ជាប់នូវការគោរពបទបញ្ជាការប្រកួត ក្រមសីលធម៌ និងរក្សាភាពថ្លៃថ្នូរ ជាពិសេសជាមួយនឹងប្រតិភូកីឡានៃប្រទេសថៃ
នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធី សំណេះសំណាល លើកទឹកចិត្ត និងផ្ដល់អនុសាសន៍ណែនាំដល់ប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ ដោយមានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស ប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និងជាប្រធានប្រតិភូកីឡាកម្ពុជា ចូលរួមប្រកួតកីឡា យុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ កីឡាការិនី។

ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពកីឡាករ កីឡាការិនីរបស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលតែងតែសហការយ៉ាងសកម្មជាមួយក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងភាគីពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍កីឡាសំខាន់ៗ ដែលជំរុញឱ្យវិស័យកីឡានៅកម្ពុជារីកចម្រើនឡើងជាលំដាប់។
តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បាននាំយកនូវការផ្ដាំផ្ញើរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ជូនចំពោះ កីឡាករ កីឡាការិនី មុនចេញទៅប្រកួត ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យរឹងមាំ រក្សាស្មារតីឱ្យនឹងនរ ត្រូវប្រកាន់ភ្ជាប់នូវការគោរពបទបញ្ជាការប្រកួត ក្រមសីលធម៌ និងរក្សាភាពថ្លៃថ្នូរ ជាពិសេសជាមួយនឹងប្រតិភូកីឡានៃប្រទេសថៃ ដើម្បីបង្ហាញអំពីសីលធម៌ ការគោរពវិន័យ ភាពចាស់ទុំរបស់កម្ពុជា ដើម្បីធានាឱ្យបាននូវការលើកកម្ពស់កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ ដោយគូសបញ្ជាក់ថា កីឡាគឺជាអំណាចទន់ ដែលជាផ្នែកមួយនៃមុខមាត់ប្រទេសជាតិ។
រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក៏បានដាក់ចេញកំណែទម្រង់វិស័យអប់រំកាយ និងកីឡា ដោយផ្ដោតលើចំណុចអាទិភាពសំខាន់ៗចំនួន៥ ចំណុច រួមមាន៖ (១) ការបន្តជួសជុលកែលម្អហេដ្ឋារចនាសម្ព័ន្ធកីឡា (២) ការបន្តអភិវឌ្ឍធនធានមនុស្ស កសាងក្រុមកីឡាថ្នាលឆ្ពោះទៅឆ្នាំ២០២៩ ដែលកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ ការប្រកួតយុវជនអាស៊ីហ្គេមលើកទី៤ ឆ្នាំ២០២៩ (The Asain Youth Games 2029) (៣) ការបន្តកំណែទម្រង់ នៃការប្រកួតគ្រប់ប្រភេទ និងជំរុញការចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា (៤) ការបន្តផ្តល់ថវិកាគាំទ្រ ទៅដល់សហព័ន្ធកីឡាជាតិ និងអនុវត្តនិយាមស្តង់ដាសហព័ន្ធជាតិ។
ដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះឱ្យបានល្អ និងជោគជ័យ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក៏បានផ្តល់អនុសាសន៍ និងជំរុញប្រសិទ្ធភាពក្នុងការយកចិត្តទុកដាក់អំឡុងពេលចូលរួមប្រកួតលើកនេះ (១) ត្រូវរក្សាឱ្យបានដាច់ខាតនូវកិត្តិយស សេចក្ដីថ្លៃថ្នូរបស់ជាតិ គ្រប់សកម្មភាព និងឥរិយាបថ អំឡុងពេលបំពេញបេសកកម្ម (២) គោរពវិន័យ គោលការណ៍ណែនាំ និងក្រមសីលធម៌របស់ប្រតិភូកីឡា ដែលមាននាយបេសកកម្ម និងនាយបេសកកម្មរងជាអ្នកទទួលខុសត្រូវ ក្នុងប្រតិបត្តិការងារផ្ទាល់ជាមួយម្ចាស់ផ្ទះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈប្រតិភូកីឡាប្រទេសដទៃទៀត ដើម្បីធានាសុវត្ថិភាព និងភាពកក់ក្ដៅដល់ កីឡាករ កីឡាការិនី (៣) កីឡាករ កីឡាការិនី និងគ្រូបង្វឹក ខិតខំប្រឹងប្រែងយកអស់សមត្ថភាព លទ្ធភាព និងប្រឹងឱ្យអស់ថាមពល នៃគុណផលកីឡារបស់ខ្លួន ធ្វើការប្រកួតឱ្យទទួលបានលទ្ធផលបច្ចេកទេសល្អ និងទទួលបានជោគជ័យលាភីជូនជាតិ ប៉ុន្តែរក្សាបាននូវកិត្តិយសជាកីឡាករ ដោយមិនរំលោភបទបញ្ជា ការប្រកួត និងមិនប្រើប្រាស់សារធាតុ Doping ជាដាច់ខាត់ (៤) មន្រ្តី ក្រុមការងាររដ្ឋបាល ក្រុមសិក្សាស្រាវជ្រាវ ត្រូវរៀបចំនីតិវិធី និងវិធីសាស្រ្តតាមដានវាយតម្លៃ ចំណុចវិជ្ជមាន អវិជ្ជមានរបស់ម្ចាស់ផ្ទះ ដើម្បីចងក្រងជាមេរៀនបទពិសោធន៍ ត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៩៕
ប្រភព៖ MoEYS

























