ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធនាំចូល ១៩% លើទំនិញពីហ្វីលីពីន បន្ទាប់ពីកិច្ចប្រជុំមួយ


លោក​ trump បាន​អះអាង​ថា​ ពន្ធ​គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​ពាណិជ្ជកម្ម​និង​យោធា​ថ្មី បើ​ទោះ​ជា​មិន​មាន​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ដោយ​ហ្វីលីពីន​ក៏​ដោយ។

ពន្ធគយនេះ ត្រូវបានមើលឃើញថា ខ្ពស់ជាងពេលមុន ពោលគឺកើនឡើងពី ១៧% ក្នុងខែមេសា ដល់ ១៩%។ ហ្វីលីពីន​នាំចេញ​ទំនិញ​ប្រហែល ១៤,២ ពាន់​លាន​ដុល្លារ​ទៅ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ រួមទាំង​គ្រឿងបន្លាស់​រថយន្ត គ្រឿង​អេឡិចត្រូនិក វាយនភណ្ឌ និង​ប្រេងដូង។

យុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់លោក Trump គឺប្រើប្រាស់ពន្ធគយជាអានុភាពដើម្បីជំរុញប្រទេសនានាឱ្យដកចេញនូវរបាំងពាណិជ្ជកម្មប្រឆាំងនឹងទំនិញរបស់សហរដ្ឋអាមេរិក។ ទោះបីជាលោកបានឈានដល់កិច្ចព្រមព្រៀងមួយផ្នែកជាមួយប្រទេសមួយចំនួន រួមទាំងចក្រភពអង់គ្លេស ចិន និងឥណ្ឌូនេស៊ីក៏ដោយ ក៏បញ្ហាសំខាន់ៗជាច្រើននៅតែមិនទាន់ត្រូវបានដោះស្រាយ ហើយពន្ធខ្ពស់នៅតែមាន។ ជាមួយនឹងការដំឡើងពន្ធថ្មីសម្រាប់ថ្ងៃទី ១ ខែសីហា ភាពតានតឹងពាណិជ្ជកម្មកំពុងកើនឡើង។ កាណាដា និងសហភាពអឺរ៉ុបកំពុងពិចារណាលើការសងសឹក ដោយសារការចរចាបង្ហាញវឌ្ឍនភាពតិចតួច។

ដោយឡែក នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថា រដ្ឋាភិបាលនឹងមិនទទួលយកកិច្ចព្រមព្រៀង ដើម្បីបំពេញតាមការទាមទាររបស់សហរដ្ឋអាមេរិកនោះទេ។

គួរបញ្ជាក់ថា អាជីវកម្មជាច្រើនកំពុងទទួលរងផលប៉ះពាល់។ ក្រុមហ៊ុន General Motors បានរាយការណ៍ពីការខាតបង់ជាង ១ ពាន់លានដុល្លារដោយសារតែពន្ធគយក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ ហើយ Stellantis បាននិយាយថាខ្លួនប្រឈមនឹងការចំណាយចំនួន ៣០០ លានអឺរ៉ូ (៣៤៩ លានដុល្លារ) ដែលបង្ហាញពីភាពតានតឹងសេដ្ឋកិច្ចនៃគោលនយោបាយពាណិជ្ជកម្មដែលកំពុងដំណើរការរបស់ Trump ។

ប្រភព៖ BBC