ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សងជូនលើសពីអ្វីដែលបានសន្យា!
អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងតាមរយៈបណ្ដាញសង្គមថា «រំលឹកកាលពីដើមរដូវវស្សាឆ្នាំមុន កម្ពស់ទឹកស្ទឹងសែនបានកើនឡើងមុនកាលកំណត់ ដែលបានបង្កជាទឹកជំនន់ និងហានិភ័យយ៉ាងខ្លាំងដល់ការបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករ។ គឺផ្លូវបេតុងនេះឯង (ពីមុនជាផ្លូវលំគ្រួសក្រហម) ដែលបានយកប្រើប្រាស់ជីកលើកជាទំនប់ភ្លាមៗ ប្រវែងជាង ២ គីឡូម៉ែត្រ ដើម្បីជួយទប់ទឹកជំនន់មិនឱ្យហូរចូលគំហុក មកក្នុងស្រែរបស់បងប្អូនប្រជាកសិករ និងបានជួយសង្គ្រោះស្រូវបានជាង ១១.០០០ ហិកតា អនុញ្ញាតឱ្យបងប្អូនប្រជាកសិករអាចប្រមូលផលបានទាន់ពេលវេលា។



នាពេលនោះ បងប្អូនប្រជាពលរដ្ឋមានការបារម្ភចំពោះការខូចខាតផ្លូវ ហើយរដ្ឋបាលខេត្តបានសន្យាថានឹងជួសជុលជូនបងប្អូនវិញ។ នៅពេលនេះ យើងខ្ញុំបានសងផ្លូវបេតុង ជំនួសឱ្យផ្លូវដីក្រហម ហើយបន្ថែមលើសពីនេះ យើងខ្ញុំបានបំពាក់បង្គោលភ្លើងសូឡាជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមិនត្រឹមតែបម្រើដល់ការធ្វើដំណើរនោះទេ ប៉ុន្តែជាវិថីហាត់ប្រាណសម្រាប់បងប្អូនទៀតផង។ បងប្អូនប្រជាពលរដ្ឋមានក្តីសប្បាយរីករាយយ៉ាងខ្លាំង។»





