|

វិទ្យាល័យពេជ្រចិន្តា ទទួលបានជ័យលាភីជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ជាលើកទី២!


វិទ្យាល័យពេជ្រចិន្តា ដែលមានទីតាំងស្ថិតនៅស្ថិតនៅភូមិភ្នំ តូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទទួលបានជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូចំណាត់ថ្នាក់លេខ ១ ឆ្នាំ២០២៤។ លទ្ធផលនេះបានបង្ហាញនៅក្នុងពិធី«ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្តសម្រាប់ឆ្នាំ២០២៥» ដែលបានប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ. តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឆ្នាំ២០២៤ អង្គភាពចំនួន១០៤៧ បានដាក់ពាក្យចូលរួមប្រកួតប្រជែង ដើម្បីក្លាយជាអង្គភាពផ្តល់សេវាសាធារណៈគំរូឆ្នាំ២០២៤ ក្នុងកម្រិតមត្តេយ្យសិក្សា និងវិទ្យាល័យ សម្រាប់វិស័យអប់រំ និងមន្ទីរពេទ្យបង្អែកកម្រិត១ កម្រិត២ និងកម្រិត៣ សម្រាប់វិស័យសុខាភិបាល។ អង្គភាពនីមួយៗ ត្រូវឆ្លងកាត់ ការវាយតម្លៃដំណាក់កាលថ្នាក់ក្រុង ស្រុក ខណ្ឌ ដំណាក់កាលថ្នាក់រាជធានី ខេត្ត និងដំណាក់កាលថ្នាក់ជាតិ ដើម្បីទទួលបាននូវចំណាត់ថ្នាក់ផ្លូវការចុងក្រោយ។

យោងតាមរដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.ជ. បានលើកឡើងថា ផ្អែកលើលទ្ធផលនៃការចុះវាយតម្លៃដល់ទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីអង្គភាព ការធ្វើបទបង្ហាញ ការសាកសួរព័ត៌មាន របស់គណៈកម្មការពាក់ព័ន្ធទៅនឹងលក្ខណៈវិនិច្ឆ័យគោលទាំង៨ និងការផ្តល់អំណះអំណាងអំពីទិដ្ឋភាពបច្ចេកទេស និងព័ត៌មានរបស់បេក្ខភាពជ័យលាភីអង្គភាព គណៈ កម្មការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈថ្នាក់ជាតិ បានពិនិត្យ វាយតម្លៃ និងជ្រើសរើសបានអង្គភាពជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងនោះរួមមាន៖ ១០អង្គភាពសម្រាប់វិទ្យាល័យ ១០អង្គភាពសម្រាប់សាលាមត្តេយ្យសិក្សា ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់ កម្រិត១ (CPAI) ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត២ (CPA2) និង ១០អង្គភាពសម្រាប់មន្ទីរពេទ្យបង្អែកដែលផ្តល់សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត៣ (CPA3)។

គួរបញ្ជាក់ថា នេះជាលើកទី២ ហើយ ដែល វិទ្យាល័យពេជ្រចិន្តា ទទួលបានជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ដោយលើកទី១នៅឆ្នាំ២០១៩ និងលើកទី២ នៅឆ្នាំ២០២៤៕