|

លោក នួន ផារ័ត្ន៖ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយឡើយ


ដោយ៖ ង៉ាយ ណៃ

អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន បានក្រើនរំឭកដល់ប្រជាពលរដ្ឋឱ្យបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល បើទោះបីជាបច្ចុប្បន្នស្ថានភាពកូវីដ-១៩ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញមានសភាពធូរស្រាលជាងមុនក៏ដោយ។  

ការថ្លែងបែបនេះធ្វើឡើងក្រោយរដ្ឋាភិបាលបានសម្រេចបិទបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ លើកលែងតំបន់មួយចំនួនដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ-១៩។ ក្នុងខ្លឹមសារនៃសំណេរនៅលើគហេទំព័រហ្វេសប៊ុករផ្លូវការបស់លោក លោក​ នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានសរសេរយ៉ាងដូច្នេះថា៖«គិតមកទល់ពេលនេះ(ថ្ងៃទី១៦ ខែឧសភា) រាជធានីភ្នំពេញយើងមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ១៥៤ នាក់ហើយ ។ សពដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ មិនត្រូវបានរៀបចំជាពិធីបុណ្យអ្វីទេ ព្រោះត្រូវតែយកទៅបូជាភ្លាមៗដោយមិនមានការចូលរួមពីក្រុមគ្រួសារឡើយ អ្វីដែលបន្សល់ទុកគឺត្រឹមតែជាធាតុដាក់នៅក្នុងកោដ្ឋមួយប៉ុណ្ណោះ។»

«ដូច្នេះសូមបងប្អូនចូលរួមអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន បើទោះបីជាបច្ចុប្បន្ន រាជធានីភ្នំពេញបានប្រែក្លាយជាតំបន់លឿងស្ទើរតែមួយរយភាគរយហើយយ៉ាងណាក៏ដោយ។»

ក្នុងខ្លឹមសារនៃសំណេរដដែលបានរៀបរាប់ទៀតថា៖«មានបងប្អូនមួយចំនួនយល់ច្រឡំថា អ្នកជំងឺកូវីដ-១៩ រាំកម្សាន្តសប្បាយនៅកន្លែងព្យាបាល តែការពិតនេះគ្រាន់តែជាសិល្បៈ និងជាការជំរុញនូវការធ្វើចលនាដើម្បីឱ្យអ្នកជំងឺមានសុខភាពរឹងមាំតែប៉ុណ្ណោះ។ បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះជំងឺនេះមានភាពកាចសាហាវ និងអាចឆក់យកអាយុជីវិតរបស់យើងបាន។»

របាយការណ៍របស់ក្រសួងសុខាភិបាលនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ បានឱ្យដឹងថា នៅថ្ងៃនេះកម្ពុជាមានអ្នកវិជ្ជមានកូវីដ-១៩ ថ្មីចំនួន៣៤៥ ករណី ក្នុងនោះមាន១ ករណីជាករណីនាំចូល ហើយចំនួននេះបានជំរុញឱ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបកើនឡើងដល់ជិត២២, ៨៨៩ ករណី។ ក្នុងថ្ងៃជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានបញ្ជាក់ថាមានអ្នកជាសះស្បើយថ្មីចំនួន ១៣៣៧ ករណី និងអ្នកស្លាប់ថ្មីចំនួន ២ ករណីបន្ថែម៕