ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ណែនាំដល់អគ្គស្នងការដ្ឋាននគរបាលជាតិ អនុវត្តវិធានការលើក្រុមរថយន្តដឹកអ្នកដំណើរផ្លូវជាតិលេខ១ហើយ
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចំណារណែនាំឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រៀមអនុវត្តវិធានការមួយចំនួន ដើម្បីបង្ការ ទប់ស្កាត់ គ្រោះថ្នាក់ចរាចរណ៍តាមបណ្ដោយផ្លូវជាតិលេខ១ ពីរាជធានីភ្នំពេញទៅព្រំដែនកម្ពុជា-វៀតណាម ដោយផ្តោតលើរថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម។ នេះបើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឱ្យដឹងនាថ្ងៃសុក្រ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។


បើតាមលោក រ៉េន រតនៈ បានឱ្យដឹងថា ចំណារណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីការសង្កេតឃើញថា រថយន្តដឹកអ្នកដំណើរទៅមក ភ្នំពេញ-វៀតណាម មួយចំនួន ទទួលរងការរិះគន់ និងមានការបង្ហាញក្ដីបារម្ភពី សំណាក់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ និងពលរដ្ឋរស់នៅតាមបណ្ដាផ្លូវជាតិលេខ១ អំពីបើកបរលើសល្បឿនកំណត់ វ៉ាជែងគ្នា ដែលបង្កជាហានិភ័យ និងបណ្ដាលឱ្យមានគ្រោះថ្នាក់ជាញឹកញាប់។ លោកបន្តថា «កត្ដាដែលនាំឱ្យកើតមានបញ្ហានេះ ជាអាទិ៍មាន អ្នកបើកបរគ្មានវិជ្ជាជីវៈ មិនគោរពច្បាប់ និងអ្នកបើកបរប្រញាប់ដឹកអ្នកដំណើរឱ្យទាន់ពេលកំណត់»។

សូមបញ្ជាក់ដែរ កន្លងមកមិនថាតែប្រជាពលរដ្ឋទូទៅនោះទេ ក្រុមអ្នកសារព័ត៌មាន ព្រមទាំងព្រះសង្ឃ ក៏បានផ្សព្វផ្សាយ និងមានសង្ឃដីកា ស្នើឱ្យក្រសួងមហាផ្ទៃចាត់វិធានការលើបញ្ហានេះ ដើម្បីធានាសុវត្ថិភាពចរាចរណ៍តាមដងផ្លូវ ជាពិសេសគឺផ្លូវជាតិលេខ១ ដែលមានសភាពតូច និងមានការធ្វើចរាចរណ៍ច្រើន និងដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរវៀតណាម និងភ្ញៀវអន្តរជាតិផ្សេងទៀត ដែលធ្វើដំណើរមកលេងកម្សាន្តនៅកម្ពុជាតាមផ្លូវគោក៕
ប្រភព៖ ក្រសួងមហាផ្ទៃ