ចិន បញ្ជូនបេសកជនពាណិជ្ជកម្មទៅកាន់ អាស៊ីកណ្តាល អំឡុងពេលនៃការត្រៀមខ្លួន ប្រយុទ្ធក្នុងសង្គ្រាមពន្ធដារជាមួយអាមេរិក


ប៉ុន្មានម៉ោងបន្ទាប់ពីពន្ធសងសឹករបស់ចិនលើការនាំចូលថាមពលរបស់សហរដ្ឋអាមេរិកបានចូលជាធរមានកាលពីថ្ងៃច័ន្ទ នាយកប្រតិបត្តិប្រេង និងឧស្ម័នរបស់ចិនមួយក្រុមបានហោះហើរទៅកាន់ប្រទេសកាហ្សាក់ស្ថានដើម្បីស្វែងរកឱកាសពាណិជ្ជកម្មថ្មីៗ។

អ្នកតំណាងទាំងនោះ គឺជាគណៈប្រតិភូដែលដឹកនាំដោយក្រុមប្រឹក្សាចិនសម្រាប់ការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិ (CCPIT) ដែលជាក្រុមពាណិជ្ជកម្មពាក់កណ្តាលផ្លូវការដែលមានក្រុមហ៊ុនជាង៣០ នៅក្នុងវិស័យ រួមទាំងថាមពល គីមីឥន្ធនៈ និងគ្រឿងម៉ាស៊ីនឧស្សាហកម្ម។

របាយការណ៍បានបន្ថែមថា CCPIT គ្រោងនឹងរៀបចំបេសកកម្មពាណិជ្ជកម្មបន្ថែមទៀតដើម្បីជួយក្រុមហ៊ុនចិនចាប់យកឱកាសនៅមជ្ឈិមបូព៌ា អាស៊ីកណ្តាល អឺរ៉ុប អាហ្វ្រិក និងតំបន់ផ្សេងទៀតក្នុងវិស័យរួមទាំងប្រេង ឧស្ម័ន រថយន្ត និងគ្រឿងយន្តកសិកម្ម។

គួររំលឹកថា កាលពីថ្ងៃចន្ទ ប្រទេសចិនបានដំឡើងពន្ធ១៥ភាគរយលើផលិតផលចំនួន០៨ពីសហរដ្ឋអាមេរិក រួមទាំងធ្យូងថ្ម និងឧស្ម័នធម្មជាតិរាវ (LNG) រួមជាមួយនឹងការដំឡើងពន្ធ ១០ភាគរយ លើផលិតផល៧២បន្ថែមទៀត ដែលរួមមានប្រេងឆៅ និងគ្រឿងយន្តកសិកម្ម។ ចំណាត់ការនេះគឺជាផ្នែកមួយនៃវិធានការសងសឹកមួយចំនួនដែលដាក់ចេញដោយទីក្រុងប៉េកាំងក្នុងការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនជុំវិញការដំឡើងពន្ធលើការនាំចូលរបស់ចិនទាំងអស់ចំនួន ១០ភាគរយ។

ប្រទេសចិនក៏បាននិងកំពុងពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយនឹងទីផ្សារដែលកំពុងរីកចម្រើនពីអាមេរិកឡាទីនទៅកាន់មជ្ឈិមបូព៌ាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខណៈដែលខ្លួនព្យាយាមធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួនចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជាមួយលោកខាងលិច។

ប្រភព៖ South China Morning Post