ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា
នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) និង អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកនៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងស្ថាប័នទាំងពីរ នៅរោងចក្រខ្មែរប៊ែវើរីជីស។
មានប្រសាសន៍នាឱកាសនៃពិធីនោះ ឯកឧត្តម សុខ ពុទ្ធិវុធ បានថ្លែងអរគុណដល់ ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានផ្តល់កិច្ចសហប្រតិបត្តិការដល់សមាគម អ.ម.ត តបតាមការអំពាវនាវរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានសមាគម អ.ម.ត សម្រាប់ផ្តល់ឱកាសដល់និស្សិតអាហារូបករណ៍ អ.ម.ត នូវកម្មវិធីទស្សនកិច្ចសិក្សា, កម្មសិក្សា ឬឱកាសការងារ ព្រមទាំងឱកាសចូលរួមសិក្ខាសាលា, វគ្គបណ្តុះបណ្តាលខ្លីៗ, ការចែករំលែកចំណេះដឹង និងបទពិសោធលើវិស័យពាក់ព័ន្ធនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប។ ទន្ទឹមនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់និស្សិតគ្រប់រូបឱ្យបន្តពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល ជាពិសេសក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល សម្រាប់ជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍសង្គមជាតិកម្ពុជា៕
អមត #AMT #រាជធានីភ្នំពេញ