|

ការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល «វិញ្ញាសាសួរផ្ទាល់មាត់» ចាប់ផ្តើម


បេក្ខជន ៦៨រូប ដែលបានឆ្លងកាត់ការប្រឡងប្រជែងលើវិញ្ញាសាសរសេរលើកទី១ និងវិញ្ញាសាសរសេរលើកទី២ ដោយជោគជ័យ ត្រូវបន្តចូលរួមប្រឡងប្រជែងលើ «វិញ្ញាសាសួរផ្ទាល់មាត់» ដែលចាប់ផ្តើមនៅម៉ោង ៧:៣០នាទីព្រឹកនេះ។

ខណៈនេះ ឯកឧត្តម ហ៊ុន​ ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង កំពុងមានវត្តមាននៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល ដើម្បីពិនិត្យ និងណែនាំដល់អនុគណៈកម្មការមេប្រយោគ ពីយន្តការ និងនីតិវិធីដែលកំណត់ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១៣ នៃសាលាភូមិន្ទរដ្ឋបាល។

ការប្រឡងប្រជែងនេះ មានការអញ្ជើញចូលរួមតាមដានដោយក្រុមប្រឹក្សាភិបាលសាលាភូមិន្ទរដ្ឋបាល តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ រួមទាំងអ្នកសង្កេតការណ៍សាធារណជន និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ព្រមទាំងក្រុមការងារត្រួតពិនិត្យនិងវាយតម្លៃ។