|

ត្រៀមខ្លួនហើយឬនៅ? ចុងឆ្នាំ២០២៤នេះ ខេត្តសៀមរាប និងមានរៀបចំព្រឹត្តិការណ៍កីឡា ធំៗចំនួន៣ !


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជួបប្រជុំពិភាក្សាជាមួយរដ្ឋបាលខេត្តសៀមរាប និងអង្គភាពពាក់ព័ន្ធនានា ស្ដីពីការត្រៀមរៀបចំ ព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ២០២៤ នៅតំបន់អង្គរ ខេត្តសៀមរាប ដើម្បីជំរុញកីឡាទេសចរណ៍ វប្បធម៌ ឱ្យកាន់តែមានការទាក់ទាញ។ កិច្ចប្រជុំនេះដឹកនាំដោយ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប និងមន្ទីរអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ជាច្រើនរូប នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លើកឡើងថាកិច្ចប្រជុំ ថ្ងៃនេះគឺដើម្បីបង្កើតកិច្ចសហការរបស់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ លើការងារសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរ របៀបរៀបរយ និងការអប់រំ ផ្សព្វផ្សាយលើព្រឹត្តិកាណ៍កីឡា ដែលត្រៀមរៀបចំនាចុងឆ្នាំ២០២៤នេះ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ដើម្បីធ្វើយ៉ាងណាឲ្យការរៀបចំព្រឹត្តិការណ៍នេះ ឱ្យបានរលូន និងជោគជ័យ។

ឯកឧត្តម វ៉ាត់ ចំរើន បន្តថាព្រឹត្តិការណ៍ប្រកួតកីឡាចុងឆ្នាំ២០២៤នេះ ដែលនឹងរៀបចំនៅតំបន់អង្គរ រួមមាន៖ ១.ព្រឹត្តិកាណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរវត្តលើកទី២៩ ដែលនឹងរៀបចំឡើង នៅថ្ងៃអាទិត្យទី១ ខែធ្នូ ឆ្នាំ២០២៤ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ទី២ ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកពិភពលោក(The 5th World Kun Khmer Championship) នៅទីធ្លាមុខព្រះរាជដំណាក់ ខេត្តសៀមរាប ជាប់មាត់ស្ទឹងសៀមរាប ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤។

និងទី៣.ព្រឹត្តិកាណ៍រត់ប្រណាំងឆ្លងកាត់ឧបស័គ្គ “Raid Amazons” ដ៏មានប្រជាប្រិយភាពនៃតំបន់អឺរ៉ុប ដោយអ្នកចូលរួមជាស្ត្រីទាំងអស់ តម្រូវឱ្យឆ្លងកាត់វិញ្ញាសារចំនួន៣ រួមមាន រត់ឆ្លងកាត់ឧបសគ្គ ប្រណាំងទូកកានូ ជិះកង់ នៅក្នុងតំបន់រមណីដ្ឋានអង្គរ និងនៅតំបន់បឹងទន្លេសាប ដែលនឹងរៀបចំឡើងចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ។

ជាមួយគ្នានេះដែរ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏អស្ចារ្យនេះ និងចូលរួមលើកស្ទួយ និងផ្សព្វផ្សាយពីប្រពៃណី វប្បធម៌ និងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប ទៅកាន់ឆាកអន្តរជាតិ តាមរយៈសកម្មភាពប្រកួតប្រជែងដូចជា ការសិក្សា ស្រាវជ្រាវមុននឹងចូលរួមប្រកួត ដំណើរស្វែងរកការពិតពីប្រវត្តិសាស្រ្តនៅតាមប្រាសាទ ព្រមជាមួយសកម្មភាពសប្បុរសធម៌នានាជាដើម៕

ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប