|

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសថា ពុំមានយន្តការចុះឈ្មោះយកដីសម្បទាតាមរយៈមេខ្យល់នោះទេ និងសូមប្រជាពលរដ្ឋកុំចាញ់បោកការបំផុសបំផុលនេះ


ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រកាសថា ពុំមានយន្តការចុះឈ្មោះយកដីសម្បទាតាមរយៈមេខ្យល់នោះទេ។

សម្ដេចបានមានប្រសាសន៍ថា ថ្មីៗនេះមានមេខ្យល់ ដើរបំផុសប្រជាពលរដ្ឋដើម្បីចុះឈ្មោះយកដីសម្បទា។ ពាក់ព័ន្ធនឹងចំណុចនេញ សម្ដេចធិបតី បានគូសបញ្ជាក់ថា ពុំមានការតម្រូវឱ្យចុះឈ្មោះយកដីសម្បទាតាមរយៈមេខ្យល់នោះទេ ពោលគឺការចុះឈ្មោះត្រូវធ្វើតាមយន្តការរដ្ឋ។

សម្ដេចបានបន្តថា កន្លងទៅយើងមានយន្តការដីសម្បទា ដែលចុះឈ្មោះតាមរយៈអាជ្ញាធរឃុំ ហើយតទៅមុខទៀត នៅពេលដែលមានការបង្កើតគណៈកម្មការរួច យើងនឹងមានការផ្សព្វផ្សាយច្បាស់លាស់។ ដូច្នេះ សម្ដេច សូមឱ្យបងប្អូនប្រជាពលរដ្ឋកុំជឿលើមេខ្យល់បំផុសដើរយកលុយ ថាចុះឈ្មោះដើម្បីយកដីនេះ។

ជាមួយគ្នានេះ សម្ដេចបានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ច ធ្វើការលើរឿងនេះ និងអនុវត្តតាមផ្លូវច្បាប់ចំពោះមេខ្យល់ទាំងនោះ ដើម្បីកុំឱ្យបោកប្រាសប្រជាពលរដ្ឋតទៅទៀត។