វត្តមានអ្នកសង្កេតការណ៍ ១២០ រូប បានចូលរួមជាសាក្សីក្នុងដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២)
នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ក្រសួងមុខងារសាធារណៈបានរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី២) នៅមណ្ឌលប្រឡងសាលាភូមិន្ទរដ្ឋបាល និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលមានបេក្ខជនចូលរួមប្រឡងសរុប ៤,៣២១នាក់ ដោយប្រើប្រាស់បន្ទប់ប្រឡងចំនួន ១០៤ បន្ទប់។
នៅក្នុងដំណើរការប្រឡងនេះ មានវត្តមានអ្នកសង្កេតការណ៍សរុបចំនួន ១២០រូប ក្នុងនោះអ្នកសង្កេតការណ៍ACU សរុបចំនួន៖ ៤០ រូប អ្នកសង្កេតការណ៍ ស.ស.យ.ក. សរុបចំនួន៖ ៤០ រូប អ្នកសង្កេតការណ៍ តំណាងសាកលវិទ្យាល័យ ០២ សរុបចំនួន ២០ នាក់ អ្នកសង្កេតការណ៍មហាជន ២០ នាក់ សម្រាប់សង្កេតការណ៍នៅមណ្ឌលប្រឡង និងមណ្ឌលកំណែ។ អ្នកសង្កេតការណ៍ សសយក តំណាងសាកលវិទ្យាល័យ និងមហាជន នឹងត្រូវបែងចែកតាមមណ្ឌលប្រឡង និងសម្រាប់ដំណាក់កាលកំណែ)។
ចំពោះបេក្ខជនដែលប្រឡងជាប់ជាស្ថាពរក្នុងដំណាក់កាលទី២នេះ នឹងត្រូវទទួលការបណ្តុះបណ្តាលគរុកោសល្យ និងធ្វើកម្មសិក្សា ដោយទទួលបានប្រាក់អាហារូបករណ៍យ៉ាងតិច ៧០% នៃបៀវត្សសរុបរបស់ក្របខណ្ឌគ្រូបង្រៀន ទៅតាមប្រភេទក្របខណ្ឌ។ ជាមួយគ្នានេះប្រភេទក្របខណ្ឌដែលត្រូវទទួលបានក្រោយការបណ្តុះបណ្តាលគរុកោសល្យជាប់ជាស្ថាពររួមមាន៖ មធ្យមសិក្សាទុតិយភូមិ+៤ ១២)+៤នឹងទទួលបានក្របខណ្ឌ ប្រភេទ “ក” មធ្យមសិក្សាទុតិយភូមិ+២ ១២)+២នឹងទទួលបានក្របខណ្ឌ ប្រភេទ “ខ”។
គួរបញ្ជាក់ថា គណៈកម្មការរៀបចំ ការប្រឡងប្រជែងដំណាក់កាលទី២ នឹងសម្រាំងយកបេក្ខជន សរុបចំនួន ១,៣៤៧នាក់ ក្នុងចំណោមបេក្ខជនសរុបចំនួន ៤,៣២១នាក់ ដែលបានប្រឡងជាប់កាលពីដំណាក់កាលទី១។