|

គិតត្រឹមពេលនេះ អង្គភាពអប់រំ ដែលបានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីនៅទូទាំង ២៥រាជធានី ខេត្តក្នុងប្រព័ន្ធរួចរាល់មាន៥១.៤២%


ក្រសួងមុខងារសាធារណៈ ប្រជុំពិនិត្យវឌ្ឍនភាពការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តី ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ អង្គភាពជំនាញ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធជាច្រើនរូប ព្រមទាំងប្រធានមន្ទីរមុខងារសាធារណៈរាជធានី ខេត្តទាំង២៥ តាមប្រព័ន្ធអនឡាញផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ មានប្រសាសន៍ថា “កិច្ចការងារថ្ងៃនេះគឺជាកិច្ចការដែលយើងពិនិត្យមើលទៅលើធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីតាមក្រសួង ស្ថាប័នថ្នាក់ជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងមន្រ្តីរាជការស៊ីវិល និងពិនិត្យការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលថ្នាក់ក្រោមជាតិ។ ក្នុងនោះ វិស័យអប់រំផ្តោតទៅលើ គឺសាលាមតេ្តយ្យសិក្សា និងសាលាបឋមសិក្សា ចំណែកវិស័យសុខាភិបាលគឺផ្តោតទៅលើមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក១ និងបង្អែក២ ដែលមាននៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ គួររំលឹកថា ការងារធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការជាផ្នែកមួយនៃការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាល ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ផ្សារភ្ជាប់គ្នាជាមួយការងារពិនិត្យឡើងវិញការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន។