|

សម្ដេចតេជោ ហ៊ុន សែន នឹងអញ្ជើញទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៃសាធារណរដ្ឋកូរ៉េ


នៅក្នុងជំនួបជាមួយឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ សម្តេចតេជោ បានជម្រាបទៅឯកឧត្តមអភិបាលខេត្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ ប្រទេសកូរ៉េ នៅខែកញ្ញា នាពេលខាងមុខ ដើម្បីចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក” សម្តេច ក៏នឹងត្រូវទៅទទួល “សញ្ញាបត្របណ្ឌិតកិត្តិយសនៃភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព” ពីសាកលវិទ្យាល័យ Dongguk Wise នៅខេត្តឃ្យុងសាងបុកដូផងដែរ។

គួររំលឹកផងដែរថា សម្តេចតេជោ បានទទួលសញ្ញាបត្រជាច្រើន ដែលខ្លះបានពីការសិក្សា និងខ្លះទៀតបានពីបទពិសោធន៍ការងារ ដោយសារការប្រឹងប្រែង និងការរួមចំណែកដ៏ធំធេងប្រកបដោយឆន្ទៈ ចំពោះបុព្វហេតុបង្រួបបង្រួមជាតិ សន្តិភាព និងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ។

សម្តេចតេជោ ហ៊ុន សែន បានទទួលសញ្ញាបត្រវិទ្យាសាស្ត្រនយោបាយពីស្ថាប័នឧត្តមសិក្សាកម្ពុជា និងសញ្ញាបត្របណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយពីបណ្ឌិតសភាជាតិផ្នែកនយោបាយ ទីក្រុងហាណូយ នៅឆ្នាំ ១៩៩១។

ឆ្នាំ១៩៩៥ សម្តេចតេជោ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ពីសាកលវិទ្យាល័យកាលីហ្វ័រញ៉ាខាងត្បូង។

នៅឆ្នាំ ១៩៩៦ បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកច្បាប់ ពីមហាវិទ្យាល័យ វ៉ែសឡេយ៉ិន (Wesleyan) រដ្ឋអាយអូវ៉ា (Iowa) នៃសហរដ្ឋអាមេរិក។

ថ្ងៃទី ០២ ធ្នូ ១៩៩៦ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបណ្ឌិតសភាសន្តិភាពពិភពលោក (World Peace Academy) ផ្តល់នូវពានរង្វាន់សន្តិភាពពិភពលោក។

ថ្ងៃទី ១០ មេសា ឆ្នាំ២០០១ នាទីក្រុង សេអ៊ូល គណៈកម្មាធិការផ្តល់ពានរង្វាន់នៃសាលាថ្នាក់ក្រោយ ឧត្តមសិក្សានៃសាកលវិទ្យាល័យ Dankook ប្រទេសកូរ៉េខាងត្បូង បានសម្រេចជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្រកិត្តិយសថ្នាក់បណ្ឌិត ផ្នែកវិទ្យាសាស្ត្រនយោបាយ។

ថ្ងៃទី ១៥ វិច្ឆិកា ឆ្នាំ ២០០១ សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់សញ្ញាបត្រកិត្តិយស ថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយក្នុងវិស័យទំនាក់ទំនងអន្តរជាតិ ពីសាកលវិទ្យាល័យ រ៉ាមកំហែង នៃព្រះរាជាណាចក្រថៃ។

ថ្ងៃទី ២២ ធ្នូ ឆ្នាំ ២០០១ ស្រ៊ី ជីនម៉យ នៃមជ្ឈមណ្ឌលសន្តិភាពអន្តរជាតិ បានបំពាក់ជូនសម្តេចតេជោ ហ៊ុន សែន នូវមេដាយ “ការលើកកំពស់ពិភពលោកដោយបេះដូងមានភាពតែមួយ” ។

ថ្ងៃទី ០៦ សីហា ២០០២ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបណ្ឌិតសភាវិទ្យាសាស្ត្រធម្មជាតិដ៏ល្បីល្បាញនៃសហព័ន្ធរុស្ស៊ី ផ្តល់ជូននូវឋានៈជា សមាជិកពេញសិទ្ធិរបស់បណ្ឌិតសភា និងបានបំពាក់ជូននូវមេដាយជាការទទួលស្គាល់ចំពោះស្នាដៃដឹកនាំរបស់សម្តេច ក្នុងការធ្វើអោយកម្ពុជាមានសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច។

ថ្ងៃទី ០៤ កញ្ញា ឆ្នាំ ២០០២ គណៈកម្មាធិការសហព័ន្ធវិស្វកម្មអាស៊ាន បានសំរេចផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវគោរម្យងារ “វិស្វករកិត្តិយសដ៏ឧត្តុង្គឧត្តម” ។

ថ្ងៃទី ១០ មេសា ឆ្នាំ ២០០៤ អភិបាល និងព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិអាយរីស (Irish International University) នៃសហភាពអឺរ៉ុប បានផ្តល់ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ ជូនសម្តេច ហ៊ុន សែន។ សាកលវិទ្យាល័យអន្តរជាតិ អាយរីស នៅបានផ្តល់ជាកិត្តិយសជូនសម្តេច នូវ មេដាយ Excellence 2004។

ថ្ងៃទី ០៨ កក្កដា ឆ្នាំ ២០០៤ សាកលវិទ្យាល័យកម្ពុជា បានសំរេចប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវ សញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកវិទ្យាសាស្ត្រនយោបាយ។

ថ្ងៃទី ១៥ កញ្ញា ឆ្នាំ ២០០៤ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្គាល់ជា សមាជិកសមាគមមេធាវីកម្ពុជា។

ថ្ងៃទី ០៦ កញ្ញា ឆ្នាំ ២០០៥ Sri Chinmoy Centers International ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវពានរង្វាន់ U Thant។

ថ្ងៃទី ២១ មិនា ឆ្នាំ ២០០៦ សាកលវិទ្យាល័យ Soon Chun Hyang នាទីក្រុងសេអ៊ូល បានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសទស្សនវិជ្ជាផ្នែកវិទ្យាសាស្ត្រនយោបាយ។

ថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០០៦ ក្រុមប្រឹក្សានៃសាកលវិទ្យាល័យរាជផាត់បានសម្តេចចៅប្រាយ៉ា បានសម្រេចជាឯកច្ឆន្ទ ប្រគល់ជូន សម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអប់រំសំរាប់ការអភិវឌ្ឍន៍មូលដ្ឋាន។

ថ្ងៃទី ២៩ មករា ឆ្នាំ ២០០៧ ក្រសួងអប់រំ និងបណ្តុះបណ្តាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម រួមដោយ សាកលវិទ្យាល័យជាតិក្រុងហាណូយ ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអប់រំ។

ថ្ងៃទី ២៧ កក្កដា ឆ្នាំ ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ (ACCD) ទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេស សម្រេចទទួលសម្តេចតេជោ ហ៊ុន សែន អោយមានឋានន្តរៈសក្តិ អភ័យឯកសិទ្ធិ កិត្តិយស និងឋានៈ ជា “Chartered Diplomat”។

ថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០០៧ សមាគមអ្នកមានវិញ្ញាបនបត្រការទូតពាណិជ្ជ ផ្តល់ជូនសម្តេចតេជោ ហ៊ុន សែន នូវងារកិត្តិយស ជា អ្នកគាំទ្រវិជ្ជាជីវៈការទូតពាណិជ្ជកម្ម។

ថ្ងៃទី ១២ តុលា ឆ្នាំ ២០០៧ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានប្រោសព្រះរាជទាន គោរម្យងារ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

ថ្ងៃទី ០៧ មករា ឆ្នាំ ២០០៨ សម្តេចតេជោ ហ៊ុន សែន ត្រូវបានអង្គការសភាអន្តរជាតិ ដើម្បីសុវត្ថិភាព និងសន្តិភាព (International Parliamentary for Safety and Peace – IPSP) ប្រគល់ គោរម្យងារ ជា ១) ព្រឹទ្ធសមាជិកមួយជិវិត និង ២) ឯកអគ្គរដ្ឋទូតដ៏ឆ្នើម នៃក្រុមប្រឹក្សាជាន់ខ្ពស់នៃគណៈប្រធានអង្គការ IPSP និងគោរម្យងារ សាស្ត្រាចារ្យកិត្តិយសក្នុងវិស័យទំនាក់ទំនងការតូត និងអន្តរជាតិ ប្រគល់ជូនដោយ សាកលវិទ្យាល័យ Empresarial នៃប្រទេស Costa Rica។

ថ្ងៃទី ២៥ វិច្ឆិកា ឆ្នាំ ២០០៨ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានាធិបតី Choummaly Sayasone បំពាក់គ្រឿងឥស្សរយសមាសជាតិឡាវ ជូនសម្តេចតេជោ ហ៊ុន សែន។

ថ្ងៃទី ០៧ មករា ឆ្នាំ ២០០៩ គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ Woosuk សំរេចប្រគល់ ជូនសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកសេដ្ឋកិច្ច។

ថ្ងៃទី ០៣ មិថុនា ឆ្នាំ ២០០៩ នាក្រុងសេអ៊ូល គណៈកម្មាធិការសាលាឧត្តមសិក្សា នៃសាកលវិទ្យាល័យ កូរ៉េ សម្រេចប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន នូវសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកវិទ្យាសាស្ត្រនយោបាយ។

ថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០០៩ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់ តម្លើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃ កងយោធពលខេមរភូមិន្ទ ជូនសម្តេចតេជោ ហ៊ុន សែន។

ថ្ងៃទី ៣ មេសា ឆ្នាំ ២០១០ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រទានដល់សម្តេចតេជោ ហ៊ុន សែន ជា សមាជិកពេញសិទ្ធិនៃរាជបណ្ឌិតសភាកម្ពុជា មានគោរម្យងារជា បណ្ឌិតសភាចារ្យ។

តមក ថ្ងៃ ០១ មេសា ២០១១ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៃព្រះរាជាណាចក្រកម្ពុជា ប្រទានការតែងតាំង សម្តេចតេជោ ហ៊ុន សែន ជាប្រធានកិត្តិយសក្រុមបណ្ឌិតសភាចារ្យនៃរាជបណ្ឌិតសភាកម្ពុជា។

ថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៥ ថ្នាក់ដឹកនាំជាន់ខ្ពស់ និងក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ លីមកុកវីង អហ្វ គ្រីអេធីវ តិចណូឡូជី នៃ ម៉ាឡេស៊ី បានសម្រេចប្រគល់ សញ្ញាបត្របណ្ឌិតកិត្តិយស “ភាពជាអ្នកដឹកនាំឆ្នើម” ជូន សម្តេចតេជោ ហ៊ុន សែន។

ថ្ងៃទី ១៥ តុលា ២០១៥ សម្តេចតេជោ ហ៊ុន សែន ត្រូវបានសាកលវិទ្យាល័យក្វាងស៊ី សម្រាប់ប្រជាជាតិ ប្រគល់សញ្ញាប័ត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រ។

ថ្ងៃ ១៩ ខែមីនា ឆ្នាំ ២០១៩ សម្ដេច បានទទួលសញ្ញាបត្រប ណ្ឌិតកិត្តិយសផ្នែកទំនាក់ទំនងនយោបាយពីសាកលវិទ្យាល័យ គ្រើក (Krirk) ប្រទេស ថៃ។

ដោយឡែក នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២នេះ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលជាសកលវិទ្យាល័យរបស់រដ្ឋ សម្រេចប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍផងដែរ។

ប្រភព៖ SHS, Samdech HunSen.gov.kh