កម្ពុជា-កូរ៉េ ត្រៀមខ្លួនសហការជាមួយគ្នាក្នុងវិស័យថាមពលនុយក្លេអ៊ែខ្នាតតូច
នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម លី ឈូលវ៉ូ (LEE CHEOL-WOO) អភិបាលខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមអភិបាលខេត្ត សាងប៊ុកដូ បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន ថា ឯកឧត្តមនឹងត្រៀមខ្លួនសហការជាមួយកម្ពុជាក្នុងវិស័យឧស្សាហកម្មថាមពល ដូចជាថាមពលស្អាត ថាមពលអ៊ីដ្រូសែន និងថាមពលនុយក្លេអ៊ែខ្នាតតូចជាដើម ដែលវិស័យនេះកំពុងមានសន្ទុះល្អនៅក្នុងខេត្តឃ្យុងសាងប៊ុកដូនាពេលបច្ចុប្បន្ន។ ក្រៅពីនេះ កូរ៉េ ក៏មានបំណងជំរុញកិច្ចដហប្រតិបត្តិការជាមួយកម្ពុជាលើវិស័យកសិកម្ម និងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានបង្ហាញការគាំទ្រការធ្វើបរិវត្តវិស័យកសិកម្ម និងឧស្សាហូបនីយកម្ម ដើម្បីធ្វើឱ្យកំណើននៃវិស័យឧស្សាហកម្ម និងសេវាកម្មកើនឡើង ហើយចំណែកវិស័យ កសិកម្មធ្លាក់ចុះ ដែលជាសូចនាករបង្ហាញពីការរីកចម្រើនទាំងសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ។ សម្តេចតេជោ បានលើកឡើងថាកម្ពុជា និង កូរ៉េ មានមេរៀនដែលត្រូវរៀនពីគ្នា ដោយសារកូរ៉េធ្លាប់ជួបការលំបាក និងមានស្ថានភាពដូចកម្ពុជា ជាពិសេស នៅសម័យក្រោយសង្គ្រាមកូរ៉េ។
សម្តេចតេជោ បានស្នើទៅកាន់ឯកឧត្តមអភិបាលខេត្ត ជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មតាមរយៈ កៀរគរវិនិយោគិនមកបង្កើតរោងចក្រកែច្នៃផលិតផលកសិកម្ម រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងរោងចក្រផលិតគ្រឿងចក្រ នៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើនផងដែរ។
គួរបញ្ជាក់ថា ខេត្តឃ្យុងសាងប៊ុកដូ គឺជាខេត្តដែលធំជាងគេបង្អស់ នៅក្នុងប្រទេសកូរ៉េ និងមានសក្តានុពលខ្លាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវប្បធម៌។ កន្លងមក ខេត្តឃ្យុងសាងប៊ុកដូ បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយប្រទេសកម្ពុជា តាមរយៈការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពិនិត្យព្យាបាលប្រជាជនកម្ពុជា ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ២០១១ ដោយមានកិច្ចសហការល្អជាមួយឯកឧត្តម សួស យ៉ារ៉ា និងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល និងអនុវត្តនៅក្នុងប្រទេសកម្ពុជានូវកម្មវិធីចលនាភូមិថ្មី (Saemaul Undong) ដែលជាចលនាអភិវឌ្ឍន៍ជនបទដ៏ល្បីល្បាញរបស់អតីតប្រធានាធិបតី Park Chung Hee។ ខេត្តឃ្យុងសាងប៊ុកដូ ទើបតែចុះហត្ថលេខាចងសម្ព័ន្ធមេត្រីភាពជាមួយនឹងខេត្តកំពង់ធំ៕
ប្រភព៖ SHS