|

កំណែសន្លឹកកិច្ចការការប្រឡងប្រជែងជ្រើសរើសគ្រូបឋមសិក្សា ជិតបួនម៉ឺនច្បាប់ ចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់


ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងជាសាក្សី នៃកំណែសន្លឹកកិច្ចការបេក្ខជន ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានអញ្ជើញចុះពិនិត្យដំណើរការកែសន្លឹកកិច្ចការបេក្ខជន ដែលបានប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា(វិញ្ញាសាសរសេរលើកទី១) កន្លងទៅថ្មីៗនេះ។

ដំណើរការកែសន្លឹកកិច្ចការ សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀននៅបឋមសិក្សា (វិញ្ញាសាសរសេរលើកទី១) ដើម្បីសម្រាំងបេក្ខជន កំពុងដំណើរការនៅសាលាភូមិន្ទរដ្ឋបាល មានសន្លឹកកិច្ចការរហូតជិតបួនម៉ឺនច្បាប់ ហើយចូលរួមកែដោយគរុនិស្សិត ចំនួន ២៤៦នាក់ (ស្រី ១៨២នាក់)។ ក្នុងដំណើរការ កែសន្លឹកកិច្ចការបេក្ខជន មានការតាមដាន ឃ្លាំមើលពីអ្នកសង្កេតការណ៍មកពីសាកលវិទ្យាល័យ និងមហាជន ព្រមទាំងអនុគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ លើសពីនេះ ក៏មានការពិនិត្យ ផ្ទៀងផ្ទាត់បន្ថែមលើសន្លឹកកិច្ចការដែលកែរួច ដោយអង្គភាពប្រឆាំងអំពើពុករលួយផងដែរ។