|

ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា រៀបព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៦ ព្រះវស្សារបស់ព្រះមហាក្សត្រ Charles III ដោយផ្ដោតលើប្រធានបទការអប់រំ ក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំនៅកម្ពុជា


រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញចូលរួមជាអធិបតីក្នុងពិធីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៧៦ ព្រះវស្សារបស់ព្រះមហាក្សត្រ Charles III ដែលរៀបចំឡើងដោយស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា និងមានការចូលរួមពីសំណាក់ ឯកឧត្ដម ឯកអគ្គរាជទូតអង់គ្លេស Dominic Williams ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ មកពីស្ថាប័នរដ្ឋាភិបាលកម្ពុជា បេសកកម្មការទូត ដៃគូអភិវឌ្ឍ តំណាងមកពីសង្គមស៊ីវិល និងអង្គការ (NGOs) ប្រមាណ ៣០០នាក់។

ប្រធានបទនៃការប្រារព្ធពិធីនេះផ្ដោតលើការអប់រំ ដែលបង្ហាញពីការគាំទ្រ និងការប្ដេជ្ញាចិត្តដ៏ម៉ឺងម៉ាត់យូរអង្វែងរបស់ចក្រភពអង់គ្លេសក្នុងបុព្វហេតុលើកកម្ពស់វិស័យអប់រំនៅកម្ពុជា និងមានការបង្ហាញពីកម្មវិធីអប់រំជាច្រើន ដែលគាំទ្រដោយរដ្ឋាភិបាលចក្រភពអង់គ្លេស។

ថ្លែងក្នុងឱកាសនេះ ឯកឧត្ដម ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានឱ្យដឹងថា ការរៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះមហាក្សត្រ គឺជាព្រឹត្តិការណ៍ជួបជុំដ៏រីករាយជារៀងរាល់ឆ្នាំ ដែលស្ថានទូតខិតខំប្រឹងប្រែងយ៉ាងពិសេស ដើម្បីអបអរសាទរមិត្តភាពជាមួយកម្ពុជា និងថ្លែងអំណរគុណដល់គ្រប់ស្ថាប័នទាំងអស់ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេសលើគ្រប់វិស័យ។

ទន្ទឹមនេះដែរ ឯកឧត្ដមអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានរំលេចឡើងពីមោទកភាពចំពោះភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយគុណភាព តាមរយៈកម្មវិធីផ្ដល់អាហារូបករណ៍ កម្មវិធីអភិវឌ្ឍន៍នានា និងការចូលរួមពាណិជ្ជកម្មលើវិស័យអប់រំ ដែលលើកកម្ពស់ឧត្ដមភាពសេដ្ឋកិច្ចសង្គមជាតិកម្ពុជាឱ្យរីកចម្រើនប្រកបដោយចីរភាព។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងការគោរពជូនពរ ចំពោះព្រះមហាក្សត្រ Charles III ក្នុងឱកាសចម្រើនព្រះជន្មគម្រប់ ៧៦ ព្រះវស្សា និងលើកឡើងថា ការប្រារព្ធកម្មវិធីនាពេលនេះ ឆ្លុះបញ្ចាំងពីចំណងមិត្តភាព និងទំនាក់ទំនងដ៏ស្និទ្ធស្នាលយូរអង្វែង រវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេស ដែលជាប្រទេសរាជានិយមដូចគ្នា បានភ្ជាប់ទំនាក់ទំនងការទូតក្នុងឆ្នាំ១៩៥៣ និងបានបង្កើតនូវមិត្តភាពគំរូ ជំរុញកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ហើយការផ្លាស់ប្តូរជាញឹកញាប់នៃដំណើរទស្សនកិច្ចកម្រិតខ្ពស់រវាងប្រជាជាតិទាំងពីរ គឺជាសក្ខីភាពនៃភាពជាដៃគូដ៏រឹងមាំរបស់កម្ពុជា និងចក្រភពអង់គ្លេស។

ជាថ្មីម្ដងទៀត ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ថ្លែងអំណរគុណជាពិសេសចំពោះការរួមចំណែកដ៏មានតម្លៃរបស់ចក្រភពអង់គ្លេសក្នុងការអភិវឌ្ឍធនធានមនុស្ស តាមរយៈកម្មវិធី Chevening ដែលផ្ដល់អាហារូបករណ៍ជាង ២០០កន្លែង ដល់និស្សិតកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៣ បានបណ្ដុះបណ្ដាលមូលធនមនុស្សដែលពោរពេញដោយទេពកោសល្យជាច្រើនជំនាន់ និង ការរួមចំណែករបស់សប្បុរសជនអង់គ្លេសក្នុងប្រតិបត្តិការសាលារៀនជំនាន់ថ្មី (NGS) នៅកម្ពុជាដោយឡើងលើកថា “ការអប់រំជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍ជាតិ”។

ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការទទួលស្គាល់តួនាទីដ៏សកម្ម និងសំខាន់របស់ ឯកឧត្ដម ឯកអគ្គរាជទូត Dominic Williams ក្នុងការលើកកម្ពស់ និងគាំទ្រវិស័យអប់រំនៅកម្ពុជា ជាពិសេសតាមរយៈការសម្ពោធសាកលវិទ្យាល័យចក្រភពអង់គ្លេសដំបូងគេនៅកម្ពុជា គឺសាកលវិទ្យាល័យ ដឺ ម៉ុនហ្វត (De Montfort University) និងការបង្កើតសាលាមួយចំនួនដែលមានកម្មវិធីសិក្សារបស់អង់គ្លេស ក៏ដូចជាការរួមចំណែករបស់ ឯកឧត្ដម ឯកអគ្គរាជទូត ក្នុងព្រឹត្តិការណ៍អប់រំ ដូចជា ការប្រកួតជើងឯកការជជែកដេញដោល និងការនិយាយជាសាធារណៈរបស់កម្ពុជា ដែលរៀបចំឡើងកាលពីខែកន្លងទៅដោយ IDP សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូសហការ ផ្សេងទៀត ដែលត្រូវបានបញ្ចប់ដោយជោគជ័យនាពេលថ្មីៗនេះ៕

ប្រភព៖ MoEYS