|

សាលារៀនជំនាន់ថ្មីដាក់បញ្ចូល “ថ្នាក់អក្សរផ្ចង់ចិន” ក្នុងពិធីបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន”


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើក “ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន”។

កម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រដោយសមាគមអប់រំ និងតម្រង់ទិសសិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ទង់ខ្មែរ-ចិន។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឱ្យ សិស្សានុសិស្សកម្ពុជា ដែលសិក្សាភាសាចិនយល់កាន់តែច្បាស់អំពីទស្សនវិជ្ជាសិល្បៈ និងការកត់ត្រាអំពីការវិវត្តន៍ នៃពុម្ពអក្សរអក្សរផ្ចង់ចិន។ បន្ថែមពីនេះ តាមរយៈការរៀនសរសេរអក្សរផ្ចង់ចិន មិនត្រឹមតែជាការហ្វឹកហាត់ការសរសេរអក្សរចិនឱ្យស្ទាត់ជំនាញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយបណ្តុះសមត្ថភាពលើភាពអត់ធ្មត់ ការគ្រប់គ្រងចិត្ត ការយកចិត្តទុកដាក់ និងការស្រឡាញ់ភាពផ្ចិតផ្ចង់ផងដែរ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណចំពោះសមាគមអប់រំ និងតម្រង់ទិស សិស្សមធ្យមសិក្សាកម្ពុជា និងសមាគមអ្នកសរសេរអក្សរផ្ទង់ខ្មែរ-ចិន រួមទាំងអ្នកពាក់ព័ន្ធ និងសូមលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រមិនថាទាំងភាសាជាតិ ឬភាសាបរទេស ដើម្បីជាកម្លាំងចលករចូលរួមចំណែកអភិវឌ្ឍជាតិមាតុភូមិ និងអនាគតរបស់ខ្លួនឯងផ្ទាល់។

ប្រភព៖ MoEYS