អ៊ីស្រាអែល អនុម័តច្បាប់បិទការិយាល័យផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសដ៏ល្បី Aljazeera និងព្រមានមិនឱ្យអ្នកកាសែតចូលទៅតំបន់ហ្គាហ្សា


សភាអ៊ីស្រាអែលបានអនុម័តច្បាប់ដែលផ្តល់អំណាចដល់រដ្ឋាភិបាលក្នុងការហាមឃាត់ការផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍និងសារព័ត៌មាន Al Jazeera ដែលជាបណ្តាញគ្រប់គ្រងដោយកាតា។

នាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា លោកនឹង “ធ្វើសកម្មភាពភ្លាមៗ” ដើម្បីបិទការិយាល័យក្នុងស្រុករបស់បណ្តាញនេះ។ សហរដ្ឋអាមេរិកបានសម្តែងការព្រួយបារម្ភចំពោះចំណាត់ការដែលហាមប្រាមអ្នកកាសែតបរទេសមិនឱ្យចូលទៅក្នុងតំបន់ហ្គាហ្សានេះ។

Knesset សភារបស់អ៊ីស្រាអែលបានអនុម័តច្បាប់ហាមឃាត់ជាបណ្ដោះអាសន្ននូវបណ្តាញសារព័ត៌មានបរទេស ដោយចាត់ទុកថាជាការគំរាមកំហែងដល់សន្តិសុខជាតិ។ ការហាមប្រាមនឹងធ្វើឡើងក្នុងរយៈពេល ៤៥ ថ្ងៃក្នុងមួយលើក ដែលអាចត្រូវបានបន្ត។ ច្បាប់នេះនឹងនៅជាធរមានរហូតដល់ខែកក្កដា ឬ រហូតដល់ការបញ្ចប់ការប្រយុទ្ធគ្នាដ៏សំខាន់នៅហ្គាហ្សា។

លោក Netanyahu បានសរសេរនៅលើ Twitter/X ដោយហៅបណ្តាញនេះថា “បណ្តាញភេរវករ” ថា “Al Jazeera នឹងលែងចាក់ផ្សាយពីប្រទេសអ៊ីស្រាអែលទៀតហើយ “។ អស់រយៈពេលជាច្រើនឆ្នាំមកនេះ មន្ត្រីអ៊ីស្រាអែលបានចោទប្រកាន់បណ្តាញប្រឆាំងនឹងអ៊ីស្រាអែល។ ប៉ុន្តែការផ្សាយរិះគន់របស់ពួកគេគឺកាន់តែខ្លាំងឡើងចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាសថ្ងៃទី៧ ខែតុលា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ Al Jazeera បាននិយាយថា “Netanyahu មិនអាចស្វែងរកយុត្តិកម្មណាមួយដើម្បីផ្តល់ជូនពិភពលោកសម្រាប់ការវាយប្រហារដែលកំពុងបន្តរបស់គាត់លើ Al Jazeera និងសេរីភាពសារព័ត៌មាន លើកលែងតែការបង្ហាញការភូតកុហកថ្មី និងការបង្កាច់បង្ខូចប្រឆាំងនឹងបណ្តាញ និងសិទ្ធិរបស់បុគ្គលិករបស់ខ្លួន។

ប៉ុស្តិ៍នេះបានចោទប្រកាន់អ៊ីស្រាអែលថា បានកំណត់គោលដៅបុគ្គលិកខ្លួនដោយចេតនា។ អ្នកកាសែតរួមទាំង Hamza Al-Dahdouh កូនប្រុសរបស់ប្រធានការិយាល័យ Al Jazeera Gaza លោក Wael Al-Dahdouh ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែល។

ប្រទេសកាតា ជាកន្លែងដែល Al Jazeera មានទីស្នាក់ការកណ្តាល កំពុងសម្រុះសម្រួលកិច្ចចរចារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ជុំវិញជម្លោះរយៈពេលជិតប្រាំមួយខែ។ ការចរចាពីមុនដែលសម្របសម្រួលដោយកាតាបាននាំឱ្យមានបទឈប់បាញ់បណ្តោះអាសន្ន និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០៥ នាក់។ ទោះជាយ៉ាងនេះក្តី វាមិនច្បាស់ទេថា ប្រសិនបើចលនារបស់អ៊ីស្រាអែល នឹងប៉ះពាល់ដល់កិច្ចចរចាបទឈប់បាញ់។ កន្លងមក អ៊ីស្រាអែល ក៏ធនលាប់បាន ហាមប្រាម បណ្តាញ លីបង់ Al Mayadeen ពីប្រតិបត្តិការ ក្នុង ប្រទេសផងដែរ។

Al Jazeera បានចាប់ផ្តើមដំណើរការជាលើកដំបូងក្នុងឆ្នាំ១៩៩៦ ហើយបានអង្រួនទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយនៅមជ្ឈិមបូព៌ាតាមរយៈការផ្សាយការរិះគន់រដ្ឋាភិបាល និងអ្នកគ្រប់គ្រងក្នុងតំបន់។ ប៉ុន្តែរដ្ឋាភិបាលមួយចំនួននៅក្នុងតំបន់បានដោះស្រាយបញ្ហាជាមួយនឹងការគ្របដណ្តប់របស់បណ្តាញនេះ ដោយការបិទ ឬ រារាំងក្នុងប្រទេសរួមមាន អារ៉ាប៊ីសាអូឌីត ហ្ស៊កដានី និងអេហ្ស៊ីបជាដើម។

ប្រភព៖ BBC