| |

តើអ្នកដឹងទេ? សមរាត្រី ជាអច្ឆរិយភាពដែលកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ


បាតុភូតធម្មជាតិនៃប្រព័ន្ធព្រះអាទិត្យ ដែលគេហៅថា «សមរាត្រី» មានន័យថា ជារយៈពេលដែល ពេលថ្ងៃនិងយប់ស្មើគ្នា និងជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះនៅចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលគេអាចមើលឃើញច្បាស់ពីគុកតារាជ។ 

សមរាត្រី គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដី ដែលតែងកើតមាននៅក្នុងពិភពលោក ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត មិនមែនជាសមរាត្រីដែលកើតឡើងដោយចៃដន្យទេ គឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឱ្យ ប្រាសាទអង្គរវត្ត បង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។ បុព្វបុរសខ្មែរ ត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លីការគន់គូរ តាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្រ្ត ព្រមទាំងរួមផ្សំជាមួយជំនឿ។ នេះបើតាមអ្វីដែលអ្នកបុរាណវិទូធ្លាប់បានលើកឡើង។

ព្រឹត្តិការណ៍ ថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ត្រូវបានអ្នកបុរាណវិទូជឿថា ជាអច្ឆរិយភាពដែលកើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ឯសំណង់បុរាណជាច្រើននៅប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ។  

គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដងក្នុងមួយឆ្នាំ គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។

រូបភាព: មន្ទីរទេសចរណ៍ខេត្តសៀមរាប