| |

ប្រាសាទដ៏ល្បីរបស់ខ្មែរ បានក្លាយជាទីតាំងប្រកួតរបស់បេក្ខនារីជិត៣០០នាក់ មកពីប្រទេសនានានៅទ្វីបអ៉ឺរ៉ុប លើវិញ្ញាសារស្វែងរកកំណប់ដ៏អស្ចារ្យ


ដោយការធ្វើដំណើរមកដល់ទឹកដីអច្ឆរិយៈនៃខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ និង បានចាប់ផ្តើមប្រកួតនៅថ្ងៃទី១៥ ខែមីនា បេក្ខនារីជិត៣០០នាក់ មកពីប្រទេសនានានៅទ្វីបអ៉ឺរ៉ុបនៃកម្មវិធី រេដ អាម៉ាហ្សូន( Raid Amazones )បានឆ្លងកាត់នៅការប្រកួតយ៉ាងស្វិតស្វាញអស់ រយៈពេលបួនថ្ងៃមកហើយលើវិញ្ញាសារដូចជា រត់ជុំវិញតំបន់ប្រាសាទ ជិះទូកកានូ ជិះកង់និងរត់ដោយចាប់គ្នាជាក្រុមពី២ ទៅ៣នាក់ និង ថ្ងៃចន្ទនេះគឺការស្វែងរកកំណប់ដ៏ អស្ចារ្យ ក្នុងបរិវេណ ប្រាសាទតាព្រហ្ម ,ប្រាសាទបាយ័ន និងប្រាសាទអង្គរវត្ត។

ក្នុងកម្មវិធីប្រកួតស្វែងរកកំណប់នៅប្រាសាទដ៏ល្បីរបស់ខ្មែរ គឺបេសកកម្មចម្បងបេក្ខនារីត្រូវស្វែងរកចម្លើយពីវប្បធម៌ប្រវត្តិសាស្ត្រ នៅតាមប្រាង្គប្រាសាទ ព្រមទាំងការស្វែងរករូបចម្លាក់ និងផ្ទាំងរូបភាពដ៏ស្រស់ត្រកាលរបស់ប្រាសាទ អម ជាមួយកូនសៀវភៅតូចមួយដើម្បីជាការបំភ្លឺផ្លូវទៅរកកំណប់ដ៏អស្ចារ្យនោះ ។ វិញ្ញាសារនេះតម្រូវឱ្យអត្តពលិកនារីមានភាពវៃឆ្លាត និងមានចំណេះដឹង ច្រើនពីវប្បធម៌ និងប្រវត្តិសាស្រ្ដ របស់កម្ពុជាក្នុងការស្វែងរកចម្លើយ ។

គប្បីជម្រាបថា ខេត្តសៀមរាបបានក្លាយជាទីតាំងដ៏សំខាន់នៃការប្រកួត ព្រឹត្តិការណ៍កីឡាទេសចរណ៍ Raid Amazones លើកទី ២៥ចាប់ ពីថ្ងៃទី១៥ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ខណៈ ដែលនេះ ជា លើកទី៤សម្រាប់ ខេត្តសៀមរាបក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួត បន្ទាប់ពីឆ្នាំ២០១៤ ,២០១៧ និង២០១៨ ។ អត្តពលិក នារីអន្ដរជាតិជិត៣០០នាក់ មកពីប្រទេសបារាំង អូស្ត្រាលី បែលហ្សិក អង់គ្លេស អេស្បាញ ស្វីស តួកគី និងអាមេរិកខាងជើង បានចូលរួមប្រកួតកីឡាRaid Amazones ។

តាមរយៈព្រឹត្តិការណ៍នេះអ្នកចូលរួម ទទួលបានបទពិសោធន៍ ដ៏អស្ចារ្យ។ សម្រាប់កម្ពុជាជាម្ចាស់ផ្ទះ កីឡា រេដ អាម៉ាហ្សូន គឺជាលើកកម្ពស់កិត្យានុភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងលើកវិស័យកីឡា វប្បធម៌ កីឡា និងទេសចរណ៍ផងដែរ៕

ប្រភព៖ ក្រសួងទេសចរ