គីម ជុងអ៊ុន បញ្ជាឱ្យបង្កើនការត្រៀមខ្លួនក្នុងការធ្វើសង្គ្រាម
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជាឱ្យបង្កើនការត្រៀមខ្លួនសម្រាប់សង្គ្រាម បន្ទាប់ពីបានត្រួតពិនិត្យកងទ័ពនៅឯមូលដ្ឋានប្រតិបត្តិការយោធាដ៏សំខាន់មួយនៅភាគខាងលិចរបស់ប្រទេស។
យោងតាម KCNA បានឱ្យដឹងថា មេដឹកនាំកូរ៉េខាងជើងបាននិយាយថា យោធាត្រូវតែ “ដឹកនាំប្រកបដោយថាមពលដើម្បីពង្រឹងការត្រៀមរៀបចំសង្រ្គាមស្របតាមតម្រូវការនៃស្ថានភាពដែលកំពុងមាន”។ លោកបានបន្ថែមថា “កងទ័ពរបស់យើងគួរតែ … បង្កើនជាលំដាប់នូវសមយុទ្ធសង្រ្គាមជាក់ស្តែង ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងយ៉ាងឆាប់រហ័សនូវសមត្ថភាពប្រយុទ្ធរបស់ខ្លួន ត្រៀមខ្លួនសម្រាប់សង្រ្គាម ។
ដំណើរទស្សនកិច្ចរបស់ លោក គីម បានធ្វើឡើងខណៈកងកម្លាំងមកពីសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានបន្តសមយុទ្ធយោធាទ្រង់ទ្រាយធំ Freedom Shield ប្រចាំឆ្នាំ។ សមយុទ្ធនេះ ត្រូវបានគេរំពឹងថានឹងចូលរួមសមយុទ្ធចំនួន ៤៨ រួមទាំងសមយុទ្ធស្ទាក់ចាប់កាំជ្រួច ការទម្លាក់គ្រាប់បែក ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់ពិត បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ជាមួយនឹងចំនួនទាហានចូលរួមពីរដងបើធៀបនឹងឆ្នាំមុន។
ប្រភព៖ Aljazeera