ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា អញ្ជើញជាអធិបតីក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស្ដីពីកម្មវិធី Erasmus+ ២០២១-២០២៧
នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាផ្សព្វផ្សាយព័ត៌មានស្ដីពីកម្មវិធី Erasmus+។ ក្នុងវេទិកានាផ្សព្វផ្សាយនាព្រឹកនេះ មានវត្តមាន ឯកឧត្តម លុយ ចាន់ណា សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោកស្រី Flora Bertizzolo គណៈប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា (EUD) សាស្ត្រាចារ្យ និងនិស្សិតមកពីសាកលវិទ្យាល័យចំនួន ០៥ សាកលវិទ្យាល័យ សរុបប្រមាណជាង ២០០នាក់។
ជាកិច្ចចាប់ផ្ដើមនៃកម្មវិធី ឯកឧត្តម លុយ ចាន់ណា បានមានប្រសាសន៍ស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមាន ឯកឧត្តមបណ្ឌិត សោម រតនា នៅក្នុងវេទិកាដ៏មានសារៈសំខាន់នេះ។ ឯកឧត្តមបានបន្តថា វេទិកាផ្សព្វផ្សាយព័ត៌មានស្ដីពីកម្មវិធី Erasmus+ និងរបស់ឯកឧត្តមអនុរដ្ឋលេខាធិការនាឱកាសនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំក្រសួងចំពោះការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សនៅកម្ពុជា។
ថ្លែងប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានគូសបញ្ជាក់ថា វេទិកាផ្សព្វផ្សាយព័ត៌មានស្ដីពីកម្មវិធី Erasmus+ ជាវេទិកាដ៏មានសារៈសំខាន់ក្នុងការពង្រឹងគុណភាពអប់រំ និងមានភាពពាក់ព័ន្ធទាំងនិស្សិត សាស្ត្រាចារ្យ ថ្នាក់ដឹកនាំសាកលវិទ្យាល័យ ថ្នាក់ដឹកនាំក្រសួងទាំងអស់។ ឯកឧត្តមបណ្ឌិតបានបន្តថា រាជរដ្ឋាភិបាលបានវិនិយោគយ៉ាងច្រើនការអភិវឌ្ឍធនធានមនុស្ស ពីព្រោះធនធានមនុស្សជាចំណុចស្នូលក្នុងការសម្រេចឱ្យបាននូវវឌ្ឍនភាពស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ផ្ដាំផ្ញើឱ្យនិស្សិតគ្រប់រូបឱ្យចេះចាប់យកឱកាសតាមរយៈកម្មវិធីអាហារូបករណ៍នេះ ដើម្បីអភិវឌ្ឍចំណេះដឹង សមត្ថភាពផ្ទាល់ខ្លួន និងស្វែងយល់ពីមជ្ឈដ្ឋានអន្តរជាតិ ពីព្រោះប្អូនៗទាំងអស់គ្នាពិតជាមានតួនាទីសំខាន់ណាស់ក្នុងការជំរុញកម្ពុជាឱ្យឆ្ពោះទៅមុខប្រកបដោយការរីកចម្រើន។
សូមជម្រាបថា កម្មវិធីផ្សព្វផ្សាយព័ត៌មានស្តីពីកម្មវិធី Erasmus+ (២០២១-២០២៧) រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយតំណាងសហគមអឺរ៉ុបប្រចាំប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីជួយដល់និស្សិត និងគ្រឹះស្ថានសិក្សានានាអោយបានស្វែងយល់អំពីឱកាសសិក្សាដែលផ្ដល់ជូនដោយកម្មវិធីErasmus+ នាពេលបច្ចុប្បន្ន។ ក្នុងវេទិកាផ្សព្វផ្សាយនាឱកាសនេះ ក៏មានវត្តមានរបស់វាគ្មិនកិត្តិយស ដែលបានធ្វើបទបង្ហាញអំពីព័ត៌មានផ្សេងៗនៃកម្មវិធី Erasmus+ អត្ថប្រយោជន៍នៃគម្រោង និងការដាក់ពាក្យដើម្បីទទួលបានអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស តាមរយៈគម្រោង Erasmus+ ផងដែរ។