| |

អ្នកចូលចិត្តស្កែន QR Code ដើម្បីទូទាត់សាច់ប្រាក់ ឬភ្ជាប់ WIFI ប្រយ័ត្នបាត់ទិន្នន័យទាំងមិនដឹងខ្លួន!មកដឹងពីល្បិចលួចទិន្នន័យរបស់ពួក Hacker តាម QR Code និងវិធីការពារទាំងអស់គ្នា


បច្ចុប្បន្ននេះ QR code មានស្ទើតែគ្រប់ទីកន្លែងទាំងនៅក្នុងភោជនីយដ្ឋាន ការផ្សាយពាណិជ្ជកម្ម ផ្លាកសញ្ញា ជញ្ជាំង បន្ទប់ទឹក និងក្រុមហ៊ុនដឹកជញ្ជូនជាដើម។ ការស្កែនលេខកូដ QR គឺជាមធ្យោបាយដ៏ងាយស្រួលមួយក្នុងគោលបំណងដើម្បីទូទាត់សាច់ប្រាក់តាមធនាគារ ការភ្ជាប់ WiFi ឬសម្រាប់ស្វែងរកទីតាំងជាដើម។ ទោះយ៉ាងណាក៏ដោយ ដោយសារតែភាពងាយស្រួល និងឆាប់រហ័សនេះ បានធ្វើឱ្យ Hacker ឬជនខិលខូចមួយចំនួន បានប្រើប្រាស់ធ្វើជាឧបករណ៍ក្នុងការចូលទៅលួចយកទិន្នន័យរបស់អ្នកប្រើប្រាស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) បានចេញផ្សាយការដាស់តឿនអ្នកប្រើប្រាស់ដោយព្រមានមនុស្សឱ្យប្រុងប្រយ័ត្នចំពោះតំណភ្ជាប់ដែលបង្កគ្រោះថ្នាក់ដែលលាក់នៅក្នុងកូដ QR ដែលគេហៅថា Quishing។ អ្វីទៅជា quishing?

Quishing គឺជាការរួមបញ្ចូលគ្នារវាងពាក្យ QR និង Fishing ដែលជាបច្ចេកវិទ្យានៃការចម្លងមេរោគ ឬលាក់តំណភ្ជាប់មេរោគ Malware ចូលទៅកាន់ QR Code ក្នុងគោលដៅគឺដើម្បីចូលប្រើព័ត៌មានរបស់អ្នក លួចព័ត៌មានសម្ងាត់គណនីធនាគាររបស់អ្នក និងចូលទៅលួចគណនីធនាគារ ចាក់សោរឯកសារ ឬជំរិតទារប្រាក់ជាដើម នៅពេលដែលអ្នកប្រើប្រាស់ធ្វើការស្កែន QR។ ការវាយប្រហារ quishing មួយផ្សេងទៀត ពាក់ព័ន្ធនឹងការបញ្ជូនជនរងគ្រោះនូវលេខកូដ QR តាមរយៈសារជាអក្សរ ឬអ៊ីមែល ជាមួយនឹងហេតុផលបន្ទាន់ដែលទាមទារឱ្យអ្នកប្រើប្រាស់ត្រូវស្កេនវាភ្លាមៗ ក្នុងហេតុផលថា គណនីរបស់អ្នកមានបញ្ហា ហើយអ្នកត្រូវស្កេនកូដដើម្បីបញ្ជាក់ព័ត៌មាន ឬនិយាយថាពួកគេបានកត់សម្គាល់សកម្មភាពគួរឱ្យសង្ស័យនៅលើគណនីរបស់អ្នក ហើយអ្នកគួរតែផ្លាស់ប្តូរព័ត៌មាន។ តើយើងអាចការពារគ្រោះថ្នាក់ទាំងនេះ ដោយវិធីណា?

អ្វីដែលសាមញ្ញបំផុតដែលអ្នកអាចធ្វើបានគឺមិនត្រូវស្កែនកូដ QR… ជាពិសេសគឺប្រភពដែលមិនស្គាល់។ ជាពិសេស FTC ណែនាំថា ប្រសិនបើអ្នកឃើញកូដ QR នៅកន្លែងដែលមិនស្គាល់ សូមពិនិត្យមើល URL មុនពេលបើកវា។ ជាមួយគ្នានេះ ប្រសិនបើទទួលបានអ៊ីមែល ឬអត្ថបទដែលមិនមានប្រភពច្បាស់លាស់ ជាមួយនឹងលេខកូដ QR សូមកុំស្កេនផ្ដេសផ្ដាស។

ជាមួយគ្នានេះ ក៏ត្រូវមានការប្រុងប្រយ័ត្នលើការប្រើប្រាស់ Wi-Fi នៅទីសាធារណៈផងដែរ។ ព័ត៌មានជំនួយមួយទៀតគឺប្រសិនបើអ្នកទទួលបានអ៊ីមែលដែលមានលេខកូដ QR ដែលបញ្ជាក់ថាមកពីក្រុមហ៊ុន X ប៉ុន្តែអ្នកមើលអ៊ីមែលរបស់អ្នកផ្ញើ ហើយវាមកពី Gmail ឬមកពីប្រភពដែលមិនស្គាល់ នោះច្បាស់ជាការបោកបញ្ឆោតរបស់ឧក្រិដ្ឋជនអនឡាញ។

ទន្ទឹមនឹងនេះ ក៏ត្រូវការពារផងដែរនូវទូរស័ព្ទដៃ និងគណនីរបស់អ្នកដោយការអាប់ដេតទូរស័ព្ទរបស់អ្នកទៅ OS ចុងក្រោយបំផុត ហើយដាក់ពាក្យសម្ងាត់ និងការផ្ទៀងផ្ទាត់ពហុកត្តានៅលើគណនីរបស់អ្នក ដើម្បីការពារពីការលួចទិន្នន័យពីសំណាក់ជនខិលខូច៕

ប្រភព៖ Zdet.com, អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ
រូបភាព៖ Tech Wire Asia