អាកាសយានដ្ឋានអន្តរជាតិ តេជោ នឹងក្លាយជាព្រលានយន្តហោះដ៏បៃតងបំផុតមួយរបស់ពិភពលោក
អាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ដែលជាអាកាសយានដ្ឋានអន្តរជាតិដ៏ធំបំផុតរបស់កម្ពុជា ដែលកំពុងសាងសង់ និងជាហេដ្ឋារចនាសម្ព័ន្ធសាធារណៈដ៏សំខាន់បំផុត ដែលមានតួនាទីដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្ម។ នេះបើយោងតាមការលើកឡើងរបស់ប្រធានក្រុមហ៊ុន Foster + Partners ដែលជាក្រុមហ៊ុនរចនាគ្រឿងបរិក្ខារ។
គម្រោងនេះតំណាងឱ្យចក្ខុវិស័យថ្មីសម្រាប់រាជធានីភ្នំពេញ ជាមួយនឹងការរចនាដែលទាក់ទាញការបំផុសគំនិតពីអរិយធម៌បុរាណរបស់ប្រទេស ទម្រង់បែបប្រពៃណី និងស្របទៅនឹងស្ថានភាពអាកាសធាតុត្រូពិច រួមទាំងការពង្រីកផ្ទៃដីដ៏ធំសម្រាប់ដាំរុក្ខជាតិលម្អ និងផ្កាចម្រុះពណ៌។
ក្រុមហ៊ុន Foster + Partners បង្ហាញពីវឌ្ឍនភាពរបស់ក្រុមអ្នករចនាឆ្ពោះទៅការបញ្ចប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីក្នុងទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ដែលជុំវិញអាកាសយានដ្ឋាន ត្រូវបានគេមើលឃើញថាជាជម្រករុក្ខជាតិដ៏អស្ចារ្យហើយនឹងក្លាយជាព្រលានយន្តហោះដ៏បៃតងបំផុតមួយរបស់ពិភពលោក ។
ព្រលាននេះ ផ្តោតលើបច្ចេកវិទ្យាដើម្បីក្លាយជាអាកាសយានដ្ឋានបៃតងបំផុតមួយរបស់ពិភពលោកតាមរយៈការប្រើប្រាស់ថាមពលដែលបានបង្កើតនៅនឹងកន្លែងពីកសិដ្ឋានផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យដើម្បីផ្តល់ថាមពលស្ទើរតែដល់ស្ថានីយទាំងមូល។
ផែនការមេរបស់ក្រុមហ៊ុនសម្រាប់មជ្ឈមណ្ឌលនេះរួមមានស្ថានីយទំនើបបំផុតនៅចំកណ្តាលទីក្រុងព្រលានយន្តហោះថ្មី។ វាមានបំណងផ្តល់នូវបទពិសោធន៍អ្នកដំណើរកម្រិតខ្ពស់បំផុត និងកំណត់ស្តង់ដារថ្មី ដ៏មាននិរន្តរភាព។ លោក Stefan Behling ប្រធានស្ទូឌីយោនៅ Foster បានអត្ថាធិប្បាយអំពីសារៈសំខាន់របស់អាកាសយានដ្ឋានជាថា ៖ « ព្រលានយន្តហោះថ្មីនេះនឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរតំបន់ និងអន្តរគំរូចម្បងរបស់ប្រទេស » ។
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះសាងសង់ឡើងលើផ្ទៃដីទំហំប្រមាណ ២,៦០០ហិកតា ស្ថិតនៅក្នុងក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដីខ្លះស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ។ អាកាសយានដ្ឋានអន្តរជាតិថ្មីនេះ ជាគម្រោងដ៏ធំនៅក្នុងប្រទេសកម្ពុជាដែលបានវិនិយោគក្នុងទឹកប្រាក់ប្រមាណ ១,៥០០លានដុល្លារ ដែលជាគម្រោងវិនិយោគ រវាងក្រុមហ៊ុនសាជីវកម្មវិនិយោគក្រៅប្រទេសកម្ពុជា (OCIC) និងក្រុមហ៊ុននៃប្រទេសចិនផងដែរ។
ព្រលានយន្តហោះភ្នំពេញថ្មីនេះ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីប ដែលអាចឲ្យប្រភេទយន្ត ហោះ ធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
ប្រភព៖ Thursd