តើអ៉ីស្រាអែល កំពុងដើរជាន់ដានអាដុលហ៊ីត្លែរ មែនឬ?
ប្រធានាធិបតីទួរគី Recep Tayyip Erdogan បានប្រៀបធៀបនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ទៅ Adolf Hitler ដោយប្រដូចការវាយលុករបស់អ៊ីស្រាអែលលើតំបន់ Gaza ទៅនឹងការសម្លាប់ជនជាតិជ្វីហ្វរបស់ណាស៊ីអាល្លឺម៉ង់។
នៅក្នុងសុន្ទរកថានៅឯពិធីប្រគល់រង្វាន់ក្នុងរដ្ឋធានី Ankara លោក Erdogan បានចោទជាសំណួរថាតើមានភាពខុសគ្នាអ្វីរវាងលោក Netanyahu និង Hitler? តើអ្វីដែល Netanyahu កំពុងធ្វើនេះតិចជាងអ្វីដែលហ៊ីត្លែរបានធ្វើឬ?
Erdogan បាមបន្តថា Netanyahu ទទួលបានការគាំទ្រពីលោកខាងលិច។ ហើយតើពួកគេបានធ្វើអ្វីជាមួយការគាំទ្រទាំងអស់នេះ? ពួកគេបានសម្លាប់ប្រជាជន Gazans ជាង២០០០០ នាក់»។ ការលើកឡើងរបស់លោក Erdogan បានកើតឡើងនៅពេលដែលប្រទេសទួរគីរិះគន់លើអ៊ីស្រាអែល ដែលផ្លាស់ប្តូរទំនោរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ មុនពេលការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា និងបានធ្វើឱ្យមានការបំផ្លិចបំផ្លាញផ្នែកមនុស្សធម៌ និងបានបង្កឱ្យមានការផ្ទុះកំហឹងពាសពេញតំបន់។
មេដឹកនាំទួរគីពីមុនបានរិះគន់យ៉ាងធ្ងន់ធ្ងរទៅលើលោក Netanyahu និងអ៊ីស្រាអែល ដោយបានហៅអ៊ីស្រាអែលថាជា “រដ្ឋភេរវកម្ម” ជាមួយនឹងការគាំទ្រ “គ្មានដែនកំណត់” ពីលោកខាងលិច។
បើយើងក្រឡេកថយក្រោយបន្តិច នៅក្រោមការគ្រប់គ្រងរបស់ហ៊ីត្លែរ ណាស៊ីអាល្លឺម៉ង់បានចាប់ផ្តើមកិច្ចខិតខំប្រឹងប្រែងដើម្បីលុបបំបាត់ជនជាតិយូដាអឺរ៉ុបជាប្រព័ន្ធ ដោយបានសម្លាប់មនុស្សប្រាំមួយលាននាក់តាមរយៈការបាញ់ប្រហារទ្រង់ទ្រាយធំ និងវិធីសាស្រ្តផ្សេងៗជាច្រើនទៀត។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក្រោយមកបានវាយបកទៅលើលោក Erdogan ដោយបានរិះគន់ទួរគីចំពោះកំណត់ត្រាផ្ទាល់ខ្លួនអំពីការរំលោភសិទ្ធិ ពាក់ព័ន្ធនឹងជម្លោះរបស់ខ្លួនជាមួយក្រុមប្រដាប់អាវុធឃឺដ។
ទោះបីជាមានការរិះគន់យ៉ាងខ្លាំងក៏ដោយ ទួរគីបានរក្សាទំនាក់ទំនងពាណិជ្ជកម្មជាមួយអ៊ីស្រាអែលពេញមួយការវាយលុកជិត៣ ខែរបស់ខ្លួនលើតំបន់ហ្គាហ្សានៅក្នុងយុទ្ធនាការ “ប្រល័យពូជសាសន៍” ដែលបានសម្លាប់មនុស្សជាង២១,០០០ នាក់ របួស៥៥,០០៩ នាក់ផ្សេងទៀត និងបានជម្លៀសប្រជាជនស្ទើរតែទាំងអស់២.៣ លាននាក់។
គួរបញ្ជាក់ថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា នៅពេលដែលក្រុមប្រដាប់អាវុធប៉ាឡេស្ទីន ហាម៉ាស បានបើកការវាយប្រហារលើអ៊ីស្រាអែលភាគខាងត្បូង ដោយបានសម្លាប់មនុស្សជាង១,១០០ នាក់ និងចាប់យកឈ្លើយសឹកប្រហែល២៤០ នាក់។
ប្រភព៖ Aljazeera