ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់ពីអ្វីដែលសាលារៀន សហគមន៍ និងអាជ្ញាធរត្រូវធ្វើ ដើម្បីសម្រេចបានតាមអនុសាសន៍គន្លឹះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី
នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបិទសិក្ខាសាលាស្ដីពីការអនុវត្តយុទ្ធសាស្ត្រ សហគមន៍សាលារៀន នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ GEIP នៅខេត្តសៀមរាប ដោយមានការចូលរួមពីគណៈគ្រប់គ្រងសាលារៀន លោកគ្រូអ្នកគ្រូ នាយកសាលា នាយកដ្ឋានអនុវត្ត និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងអប់រំយុវជន និងកីឡាដែលមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ១៦៣ នាក់ និងតាមអនឡាញប្រមាណ ៥០០ នាក់មកពីខេត្ត កំពត ក្រចេះ ព្រះវិហារ ប៉ៃលិន។
សិក្ខាសាលាស្ដីពីការអនុវត្តយុទ្ធសាស្ត្រ សហគមន៍សាលារៀន នៃគម្រោងកែលម្អការអប់រំចំណេះទូទៅ គឺជាការបង្ហាញការប្តេជ្ញាបន្តអនុវត្តកំណែទម្រង់សាលារៀន ដោយឈរលើមូលដ្ឋាននៃ ឧត្តមានុវត្តន៍ ដូចជាការអនុវត្តការគ្រប់គ្រងសាលារៀនប្រកបដោយប្រសិទ្ធភាព ការបន្តពង្រឹងសាលារៀនជំនាន់ថ្មី ការរៀបចំជាគំរូនៃអភិបាលកិច្ចសាលារៀនដែលមានស្តង់ដាពេញលេញ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ដែលបានដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងគោលដៅពង្រឹងគុណភាពគ្រឹះស្ថានសិក្សារដ្ឋ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗរួមមាន៖ រដ្ឋចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា តាមរយៈការពង្រឹងកិច្ចការសំខាន់ៗ រួមមាន៖ ទី១. ការពង្រឹងអភិបាលកិច្ចសាលារៀន ទី២. ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស ទី៣. ការយកចិត្តទុកដាក់លើសុខភាពរបស់សិស្ស តាមរយៈកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យ គុណភាពចំណីអាហារនៅតាមសាលា និងទី៤. ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អ្នកអាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោក ភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។
ក្នុងហេតុផលនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងពីអ្វីដែលសាលារៀន សហគមន៍ និងអាជ្ញាធរត្រូវធ្វើដើម្បីសម្រេចបាននូវអ្វីដែលជាអនុសាសន៍គន្លឹះរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ដោយបានសិក្ខាកាមដែលចូលរួមសិក្ខាសាលាឱ្យយកចិត្តទុកដាក់ក្នុងការដឹកនាំ គ្រប់គ្រងសាលារៀន ដោយប្រែក្លាយចំណុចគន្លឹះទាំង ៤ ខាងលើឱ្យទៅជាផែនការសកម្មភាព និងយកទៅអនុវត្តឱ្យបានគ្រប់ពាក្យដើម្បីធានាបានថា នៅដំណាច់ឆ្នាំ២០២៤ សាលារៀនចំនួនពី ៥០០ ទៅ ១០០០ សម្រេចបានស្តង់ដាសាលារៀនគំរូ ដែលជាសាលារៀនមួយមានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្តល់សេវាអប់រំមួយប្រកបដោយគុណភាព នាំសិស្សឆ្ពោះទៅរកដោះស្រាយបាយនូវភាពក្រីក្រទាំង ៣ គឺក្រីក្រចំណេះដឹង ក្រីក្រចិត្ត និងក្រីក្រទ្រព្យធន៕
ប្រភព៖ MoEYS