ជារឿងចៃដន្យ ឬការតាំងចិត្ត? ករណីបាញ់ប្រហារនៅផ្សារទំនើបថៃ កើតឡើងក្នុងពេលស្រដៀងគ្នានៃហេតុការណ៍បាញ់សម្លាប់មនុស្ស៣៤ កាលពីឆ្នាំ២០២២


នាពេលថ្មីៗនេះមានករណីបាញ់ប្រហារដ៏ភ្ញាក់ផ្អើលមួយនៅក្នុងផ្សារទំនើបមួយកន្លែងក្នុងប្រទេសថៃ ដែលបង្កឡើងដោយក្មេងជំទង់ម្នាក់ បណ្ដាលឱ្យមនុស្ស២នាក់បានស្លាប់ ខណៈ៥នាក់ទៀតរងរបួស។

ប៉ូលិសថៃបាននិយាយថា ក្មេងប្រុសរូបនេះ គឺជាអ្នកលេងហ្គេមអនឡាញ និងត្រូវបានគេដឹងថា មានបញ្ហាផ្លូវចិត្ត។ យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឱ្យដឹងថា ការបាញ់ប្រហារនេះ គឺដោយសារតែរូបគេគិតថា មាន អ្នកចង់លបវាយប្រហារខ្លួន។

ជនសង្ស័យជាអនិតិជន មានអាយុ១៤ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទឃាតកម្មគិតទុកជាមុន ការប៉ុនប៉ងមនុស្សឃាត និងការកាន់កាប់អាវុធខុសច្បាប់ ក្នុងចំណោមបទល្មើសផ្សេងៗទៀត។

អ្វីដែលគួរកត់សម្គាល់នោះគឺ ការបាញ់ប្រហារកាលពីថ្ងៃអង្គារនៅក្នុងផ្សារទំនើប Siam Paragon នេះ បានកើតឡើងប៉ុន្មានថ្ងៃមុនថ្ងៃគម្រប់ខួបមួយឆ្នាំនៃការសម្លាប់ដ៏រន្ធត់មួយ មណ្ឌលថែទាំមួយនៅភាគឦសានប្រទេសថៃ ដែលសម្លាប់មនុស្ស៣៤ នាក់ក្នុងនោះមានកុមារ២២ ហើយបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ក្មេងប្រុសជាជនបង្កហេតុ ត្រូវបានប៉ូលិសនាំខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស ក្រុង Pathumwan ហើយ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ប្រភព: AL JAZEERA