ឯកឧត្តមបណ្ឌិត សោម រតនា៖ សមិទ្ធផលដែលកើតចេញពីការសិក្សារបស់ប្អូន ទៅថ្ងៃមុខ គឺជាស្នាមជើង (footprint) សម្រាប់អ្នកជំនាន់ក្រោយ


នេះជាប្រសាសន៍ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ថ្លែងនៅព្រឹកថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាព នៅសាលពហុបំណង នៃមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) សាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត សោម រតនា បានមានមតិស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះនិស្សិតទាំងអស់ ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវរហូតទទួលបានជោគជ័យនាពេលនេះ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានគូសបញ្ជាក់ថា សញ្ញាបត្រដែលនិស្សិតទទួលបាននាថ្ងៃនេះ គឺមិនមែនជាទីបញ្ចប់នៃការសិក្សានោះទេ ប៉ុន្តែជាចំណុចចាប់ផ្តើមនៃការបង្កើតស្នាដៃដ៏មានតម្លៃសម្រាប់សង្គម តាមរយៈការយកចំណេះដឹង និងជំនាញផ្នែកនគរូបនីយកម្មទៅចូលរួមអភិវឌ្ឍទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា ប្រកបដោយចីរភាព។

ឯកឧត្តមបណ្ឌិត បានបន្ថែមថា ស្នាដៃទាំងនេះ មិនត្រឹមតែឆ្លើយតបនឹងតម្រូវការនៃការអភិវឌ្ឍនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែសមិទ្ធផលដែលកើតចេញពីការខិតខំរបស់ប្អូនៗ ទៅថ្ងៃមុខ គឺជាស្នាមជើង(footprint) សម្រាប់មនុស្សជំនាន់ក្រោយផងដែរ។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ការធ្វើនគរូបនីយកម្ម គឺជាការសម្រេចចិត្តដែលមានឥទ្ធិពលរាប់ទសវត្សរ៍។ ប្រសិនបើរៀបចំបានល្អ វានឹងក្លាយជាកេរតំណែលដ៏មានតម្លៃសម្រាប់សង្គម ប៉ុន្តែប្រសិនបើខ្វះចក្ខុវិស័យ ឬអនុវត្តមិនបានត្រឹមត្រូវ វាអាចក្លាយជាបន្ទុកសម្រាប់សង្គម និងអ្នកជំនាន់ក្រោយដូចគ្នា។

សូមជម្រាបថា ពិធីប្រគល់សញ្ញាបត្រជូននិស្សិតដេប៉ាតឺម៉ង់នគរូបនីយកម្ម និងអភិវឌ្ឍន៍ក្រុងដោយចីរភាពនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាព្រឹកនេះ មានការអញ្ជើញចូលរួមពី លោក KIM Chang Yong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សាស្ត្រាចារ្យ Won Yongkul សាកលវិទ្យាធិការនៃសាកលវិទ្យាល័យសេអ៊ូល ឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងថ្នាក់ដឹកនាំ សាស្ត្រាចារ្យ និងនិស្សិតជាច្រើនរូប។