អភិបាលខេត្តថ្មី ឯកឧត្តម ប្រាក់ សោភ័ណ ដឹកនាំប្រជាពលរដ្ឋជាង ១ពាន់នាក់ សម្អាតក្រុងសៀមរាប


កាលពីព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមជាអធិបតីក្នុងពិធីសំអាតបរិស្ថាន ក្នុងក្រុងសៀមរាប ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដោយមានការចូលរួមលោក អភិបាលរងខេត្ត លោក អភិបាលក្រុងសៀមរាប លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ សង្កាត់ទាំង១២ លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស និស្សិត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋ ប្រមាណជាង ១៧ ១២៦នាក់ ។

ឯកឧត្តម អភិបាលខេត្ត ការរៀបចំយុទ្ធនាការសម្អាតបរិស្ថានក្រុងនាថ្ងៃនេះ ជាគោលបំណងបំផុសចលនាប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ សិស្ស និស្សិតគ្រប់រូបឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភណ្ឌភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ ដូចនេះ ដើម្បីធានាបាននូវគុណភាពបរិស្ថាន សោភណ្ឌភាពទីប្រជុំជន សុខុមាលភាពសាធារណៈ ចាំបាច់ត្រូវយកចិត្តទុកដាក់លើកកម្ពស់ការគ្រប់គ្រងសំណល់ ដោយត្រូវចេះវេចខ្ចប់ និងញែកសំណល់សំរាមគ្រប់ប្រភេទដូចជា សំណល់អាចកែច្នៃបាន សំណល់សរីរាង្គ សំណល់ផ្ទុកសារធាតុគ្រោះថ្នាក់ និងសំណល់ផ្សេងៗ ដើម្បីប្រែក្លាយសំណល់មួយចំនួនឱ្យមានតម្លៃសេដ្ឋកិច្ច និងកាត់បន្ថយបរិមាណសំណល់នៅតាមទីសាធារណៈ ។

ក្នុងឱកាសនេះ ឯកឧត្តម ក៏បានឆ្លុះបញ្ចាំងពីកិច្ចសហការគ្នា និងការយល់ដឹងដូចគ្នា សំដៅលើកកម្ពស់ការគ្រប់គ្រងសំរាម សំណល់រឹងនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយនិរន្តរភាព ដែលយើងត្រូវអនុវត្តជាប្រចាំ ដើម្បីខេត្តយើងទាំងអស់គ្នា ក្រោមទិសស្លោក “សៀមរាបផ្ទះខ្ញុំ” ។ ការបេ្តជ្ញាចិត្តខ្ពស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ដែលជាកត្តាលីករដ៏សំខាន់មួយ ដែលចូលរួមក្នុងការលើកកម្ពស់សុខភាពមនុស្សនាពេលបច្ចុប្បន្ន និងសម្រាប់កូនចៅជំនាន់ក្រោយ៕

ប្រភព: រដ្ឋបាលខេត្តសៀមរាប