តើមេដឹកនាំរដ្ឋប្រហារនៅមីយ៉ាន់ម៉ាថ្មីៗនេះ មានប្រវត្តិបែបណា?


ឧត្តមសេនីយ Min Aung Hlaing អាយុ៦៤ឆ្នាំ ជាអ្នកផ្ដួចផ្ដើមគំនិតធ្វើរដ្ឋប្រហារ កាលពីថ្ងៃច័ន្ទ ហើយត្រូវបានតែងតាំងជាមេដឹកនាំរបស់មីយ៉ាន់ម៉ាសម្រាប់ឆ្នាំក្រោយ។ លោកគឺជាឥស្សរជនលេចធ្លោមួយរូបនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធជិតមួយទស្សវត្សរ៍មកហើយ។ លោកបានសិក្សាផ្នែកច្បាប់មុនចូលបម្រើកងទ័ពនៅឆ្នាំ១៩៧០ និងបានឡើងតំណែងជាបន្តបន្ទាប់រហូតក្លាយជាអគ្គមេបញ្ជាការក្នុងឆ្នាំ២០១១។

បន្ទាប់ពីរបបយោធាត្រូវបានរំលាយនៅឆ្នាំ២០១១ លោកបានបម្រើការនៅក្នុងរដ្ឋាភិបាលស៊ីវិលដំបូងរបស់មីយ៉ាន់ម៉ា ហើយបានក្លាយជាប្រធានាធិបតី។ ទោះបីជាយ៉ាងណាក៏ដោយ ក្រោយជ័យជម្នះជាប្រវត្តិសាស្ត្រក្នុងការបោះឆ្នោតឆ្នាំ២០១៥ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (NLD) បាននាំឱ្យលោកស្រីអ៊ុងសានស៊ូជីឡើងកាន់អំណាចជំនួសវិញ។

ក្រោមការកាន់អំណាចរបស់លោកស្រី អ៊ុងសានស៊ូជី លោកឧត្តមសេនីយ Min Aung Hlaing ហាក់ដូចជាលេចមុខច្រើននៅក្នុងឆាកនយោបាយ។ យោងតាមវិទ្យុអាស៊ីសេរី លោកមានអ្នកគាំទ្ររាប់ពាន់នាក់នៅលើបណ្ដាញទំនាក់ទំនងសង្គម ប៉ុន្តែក្រោយមក គណនីយហ្វេសប៊ុក និង Twitter របស់លោកត្រូវបានគេលុបចោល ក្រោយមានរឿងអាស្រូវជុំវិញការសម្លាប់រង្គាលលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។

ក្នុងឆ្នាំ២០១៧ ជនជាតិរ៉ូហ៊ីងយ៉ាជាង៧៥ម៉ឺននាក់ ត្រូវបានបង្ខំឱ្យភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែសដែលនៅជិតខាង។ ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបាននិយាយថា ប្រតិបត្តិការរបស់យោធាមីយ៉ាន់ម៉ារួមមាន ការសម្លាប់រង្គាល ការរំលោភសេពសន្ថវៈ និងការដុតបំផ្លាញផ្ទះសម្បែងជាដើម។ អំពើនេះត្រូវបានគេហៅថា«ចេតនាប្រល័យពូជសាសន៍»។ នេះបើតាមការបញ្ជាក់របស់អង្គការសហប្រជាជាតិ។

គួរបញ្ជាក់ផងដែរថា សហរដ្ឋអាមេរិក កាលពីឆ្នាំ២០១៩ បានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ Min Aung Hlaing និងមន្ត្រីយោធា៣រូបផ្សេងទៀត តាមរយៈការបង្កកទ្រព្យសម្បត្តិរបស់ពួគគេនៅសហរដ្ឋអាមេរិក និងបានហាមឃាត់មិនឱ្យធ្វើជំនួញជាដើម។

ទន្ទឹមនឹងនេះ កាលពីខែកក្ដដា ឆ្នាំ២០២០កន្លងទៅ ចក្រភពអង់គ្លេសក៏បានដាក់ទណ្ឌកម្មលើឧត្តមសេនីយរូបនេះ ផងដែរ ដោយចោទប្រកាន់គាត់ និងមេបញ្ជាការរងរបស់គាត់ គឺលោក Soe Win ពីការរៀបចំអំពើហិង្សាជាប្រព័ន្ធប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា។

លោក Min Aung Hlaing ត្រូវបានគេមើលឃើញថា ហាក់មិនចុះសម្រុងជាមួយរដ្ឋាភិបាលស៊ីវិលទេ ជាពិសេសការអាក់អន់ស្រពន់ចិត្តចំពោះប្រជាប្រិយភាពរបស់លោកស្រី អ៊ុងសានស៊ូជី។ នេះបើយោងតាមប្រភពជិតស្និទ្ធរបស់ឧត្តមសេនីយរូបនេះ។ បន្ថែមពីនេះ ភាពតានតឹងបានកើនឡើងបន្ថែមទៀត បន្ទាប់ពីគណបក្សសាមគ្គីភាពនិងការអភិវឌ្ឍ (USDP) ដែលគាំទ្រដោយយោធា ទទួលបរាជ័យយ៉ាងអាម៉ាស់នៅក្នុងការបោះឆ្នោត កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

មុនការបោះឆ្នោត មេយោធារូបនេះ បានបង្ហាញពីមហិច្ឆតានយោបាយផ្ទាល់ខ្លួនរបស់លោក និងត្រូវបានគេរាយការណ៍ថា កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយ USDP ក្នុងបំណងធ្វើយ៉ាងណាឱ្យលោកបានឡើងកាន់តំណែងជាប្រធានាធិបតី។ ប៉ុន្តែ ជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សលោកស្រីអ៊ុងសានស៊ូជី (NLD)បានបំផ្លាញមហិច្ឆតាទាំងនោះយ៉ាងឆាប់រហ័ស។

ក្រុមយោធា បានប្រឆាំងតវ៉ាបន្ទាប់ពីជ័យជម្នះនៃការបោះឆ្នោតរបស់ NLD ដោយចោទប្រកាន់ថាមានការលួចបន្លំ និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ។ ប្រសិនបើគ្មានអ្វីប្រែប្រួលទេ ឧត្តមសេនីយ Min Aung Hlaing នឹងចូលនិវត្តន៍នៅខែកក្កដាខាងមុខនេះ ដូច្នេះ រដ្ឋប្រហារគឺជាវិធីតែមួយគត់ដែលជួយឱ្យលោកអាចបន្តក្ដោបក្ដាប់អំណាចបាន៕

រូបភាព៖ ABC

ដោយ៖​ ង៉ាយ ណៃ