|

តើកុមារកម្ពុជាប៉ុន្មានសែននាក់ នៅចងចាំលោកតា បេអាត រិចឈ្នឺរ?


ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃគម្រប់ខួប៥ឆ្ឆ្នាំ នៃការចាកចេញរបស់លោកវេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា។

លោក បេអាត រិចឈ្នឺរ គឺជាវេជ្ជបណ្ឌិត សញ្ជាតិស្វីស ដែលបានកើតនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៤៧ នៅទីក្រុងហ្សួរិច ប្រទេសស្វីស។ លោកបានទទួលសញ្ញាបត្រវេជ្ជសាស្ត្រជំនាញឯកទេសថែទាំកុមារ ក្នុងឆ្នាំ១៩៧៣។ លោក រិចឈ្នឺរ ត្រូវបានកាកបាទក្រហមស្វីសបញ្ជូនមកធ្វើការនៅមន្ទីរពេទ្យ គន្ធបុប្ផា ចន្លោះឆ្នាំ ១៩៧៤-១៩៧៥។ ប៉ុន្តែនៅពេលដែលខ្មែរក្រហម ចូលកាន់កាប់ប្រទេសកម្ពុជា លោកបានបង្ខំចិត្តចាកចេញទៅប្រទេសស្វីសវិញ ដើម្បីបន្តការងារនៅទីនោះ។

នៅខែធ្នូ ឆ្នាំ១៩៩១ បន្ទាប់ពីខ្មែរក្រហមបានចាកចេញ កម្ពុជាបានទទួលរងនូវការបំផ្លិចបំផ្លាញដែលជាលទ្ធផលនៃសង្រ្គាម។ ក្រោមមក ព្រះបរមរតនៈកោដ្ឋ នរោត្តម សីហនុ បានស្នើសុំឲ្យលោក រិចឈ្នឺរ មក កម្ពុជាដើម្បីជួយជួសជុល និងគ្រប់គ្រងមន្ទីរពេទ្យគន្ធបុផ្ផាដែល។ នៅខែមីនា ឆ្នាំ១៩៩២ លោក បេអាត រីចឈ្នឺរ បានយល់ព្រមជួសជុល និងដឹកនាំមន្ទីរពេទ្យគន្ធបុផ្ផា ហើយមន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបើកទ្វារឡើងវិញ។

មន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជារាប់លាននាក់ ដែលចំណាយថវិកាជាង ១២ម៉ឺនដុល្លារអាមេរិកក្នុងមួយថ្ងៃ ដើម្បីព្យាបាលជំងឺកុមារកម្ពុជាដោយឥតគិតថ្លៃ នេះដោយយោងតាមទិន្នន័យឆ្នាំ២០១៦។ មន្ទីរពេទ្យគន្ធបុប្ផា បានក្លាយទៅជាមន្ទីរពេទ្យគំរូ ដែលទទួលបានការគោរព និងកោតសរសើរយ៉ាងខ្លាំង នៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល ដោយសារតែប្រសិទ្ធិភាពនៃការផ្ដល់ជំនួយផ្នែកវេជ្ជសាស្រ្ត ជំនួយដោយផ្ទាល់ និងការព្យាបាលដ៏ត្រឹមត្រូវ។ សូមជម្រាបថា មូលនិធិភាគច្រើនក្នុងមន្ទីរពេទ្យគន្ធបុប្ផា ទទួលបានពីប្រជាពលរដ្ឋស្វីស ជាពិសេសបន្ទាប់ពីការសម្តែងរបស់ BEATOCELLO របស់លោក Richner សម្រាប់ដំណើរការមន្ទីរពេទ្យគន្ធបុប្ផា។

ប្រជាជនកម្ពុជាទាំងអស់គ្នា បានចងចាំនូវគុណបំណាច់ និងការលះបង់ស្ទើពេញមួយជីវិតរបស់លោក បេអាត រិចឈ្នឺរ ក្នុងការចំណាយទាំងកម្លាំង និងថវិកា ដើម្បីជួយកុមារក្រីក្រកម្ពុជារាប់លាននាក់ដែលត្រូវការការព្យាបាល និងសង្គ្រោះ តាមរយៈទស្សនៈរបស់លោកគឺ «កូនមួយ ជីវិតមួយ»។ លោក វេជ្ជបណ្ឌិត បេអាត រិចឈ្នឺរ ធ្លាប់បានផ្ដាំថា៖ កុមារ, ស្ត្រីមានផ្ទៃពោះ គ្រប់ៗរូប ទោះមាន ឬក្រ មានសិទ្ធិទទួលបាននូវការព្យាបាល ដោយការផ្តល់ជូនសេវាសុខាភិបាលរបស់មន្ទីរពេទ្យគន្ធបុប្ផា ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើងឡើយ៕