|

ដំណឹងល្អ! អ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ ជាដើម ក៏អាចធ្វើប័ណ្ណ ប.ស.ស. បានដែរ


យោងតាមការចេញផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម បានឱ្យដឹងថាឥឡូវនេះបងប្អូនអាជីវករ អ្នករត់ម៉ូតូឌុប កង់បី តាក់ស៊ី និងអ្នកធ្វើការតាមផ្ទះ និងអ្នកដែលមានមុខរបរអាចរកចំណូលផ្ទាល់ខ្លួនគ្រប់ប្រភេទ ក៏អាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បានដែរ។

ដើម្បីទទួលបានប័ណ្ណសមាជិក ប.ស.ស. ត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួនដូចតទៅ:

១. មានមុខរបរ មានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការម្នាក់ឯងមិនមានប្រើប្រាស់បុគ្គលិក
២. ជាអ្នកធ្វើការងារ ឬប្រកបអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក
៣. ត្រូវមានអាយុមិនលើសពី៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើសុំចុះបញ្ជីនៅ ប.ស.ស.
៤. ត្រូវអញ្ជើញទៅស្នើសុំធ្វើប័ណ្ណសមាជិល ប.ស.ស. ដោយផ្ទាល់ ដោយភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ដែលមានសុពលភាព។

ដោយឡែកចំពោះការបង់ភាគទាន អាចបង់ប្រចាំខែ ឬប្រចាំឆ្នាំក៏បានតាមការស្នើសុំពេលចុះបញ្ជីដំបូង។

គួរបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប . ស . ស) ជា គ្រឹះស្ថានសាធារណៈរដ្ឋបាលមានភារកិច្ចគ្រប់គ្រង និងចាត់ចែងរបបសន្តិសុខសង្គមអនុលោមតាមច្បាប់ ស្ដីពីរបបសន្តិសុខសង្គម ដែលរួមមានផ្នែកប្រាក់សោធន ផ្នែកថែទាំសុខភាពផ្នែកហានិភ័យការងារ និងផ្នែកនិកម្មភាពការងារសម្រាប់បុគ្គលស្ថិតក្នុងវិស័យសាធារណៈ បុគ្គលទាំងឡាយស្ថិតក្រោមបទប្បញ្ញត្តិនៃច្បាប់ ស្ដីពីការងារដោយរួមបញ្ចូលទាំងបុគ្គលិកធ្វើការតាមផ្លូវ អាកាស និងនាវាសមុទ្រព្រមទាំងអ្នកបម្រើក្នុងផ្ទះ និង បុគ្គលស្វ័យនិយោជន៍៕