|

តើក្រុមអ្នកជិះម៉ូតូបើកផ្លូវឡានពេទ្យ គួរបន្តមាននៅលើដងផ្លូវឬទេ?


បើទោះបីជាពេលខ្លះ ការជិះម៉ូតូជាក្រុមនៅលើដងផ្លូវដើម្បីបើកផ្លូវឱ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់ ធ្វើឡើងក្នុងចេតនាល្អជួយសម្រួលចរាចរណ៍ ដើម្បីសង្គ្រោះអ្នកជំងឺទាន់ពេលវេលាក៏ដោយ ប៉ុន្តែវាបាននាំមកនូវផលប៉ះពាល់ជាច្រើនដល់សង្គមជាតិ។ ក្នុងករណីខ្លះទៀត រូបភាពទាំងនេះលើសពីការងារសប្បុរសធម៌ ប៉ុន្តែវាបានក្លាយជាការធ្វើអាជីវកម្មទៅវិញ។ ដូច្នេះ សកម្មភាពទាំងនេះមិនគួរបន្តកើតមាននៅលើដងវិថីឡើយ ដោយផ្អែកលើហេតុផលមួយចំនួនដូចជា៖

រថយន្តសង្គ្រោះបន្ទាន់មានបំពាក់សិទ្ធិអាទិភាពពិសេសស្រាប់៖ ជាទូទៅរថយន្តសង្គ្រោះបន្ទាន់មានបំពាក់ស៊ីរ៉ែន ដែលជាសិទ្ធិអាទិភាពពិសេសបំផុតក្នុងការធ្វើដំណើរលើដងផ្លូវ ក្នុងបេសកម្មសង្គ្រោះជីវិតអ្នកជំងឺ។ សំឡេងស៊ីរ៉ែន ជាការផ្ដល់សញ្ញាសុំសិទ្ធបើកផ្លូវពីយានយន្តគ្រប់ប្រភេទដែលកំពុងធ្វើចរាចរណ៍នៅលើដងផ្លូវ។ យោងតាមមាត្រា១៦ និង១៧ នៃច្បាប់ចរាចរណ៍ផ្លូវគោកបានចែងថា «អ្នកបើកបរត្រូវបន្ថយល្បឿនក្នុងករណីដូចខាងក្រោម៖…កាលណាមានយានយន្តដែលកំពុងបំពេញភារកិច្ចរបស់នគរបាល យោធា កងរាជអាវុធហត្ថ ក្បួនគណៈប្រតិភូ ក្បួនថ្នាក់ដឹកនាំជាន់ខ្ពស់យានយន្តផ្សេងទៀតបន្លឺសូរសំឡេង ឬភ្លើងសញ្ញា អ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបន្ថយល្បឿន ហើយបើកបរអែបទៅខាងស្ដាំ បើចាំបាច់ត្រូវឈប់នៅកៀនបំផុតដែលអាចធ្វើទៅបាន ដើម្បីសម្រួលផ្លូវឱ្យយានយន្តទាំងនេះធ្វើដំណើរប្រកដោយសុវត្ថិភាព»។

លើសពីនេះ ក្រុមអ្នកបើកម៉ូតូទាំងនោះមិនមានការទទួលស្គាល់ពីច្បាប់ និងសង្គមឡើយ។ ពួកគេ គិតថានេះជាសកម្មភាពមនុស្សធម៌ និងជាការជួយដល់សង្គមតាមរយៈការសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះ និងជួយបើកផ្លូវដើម្បីសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬអ្នករបួសនៅលើឡានពេទ្យ។ ប៉ុន្តែក្រុមអ្នកបើកម៉ូតូទាំងនេះ មិនបានស្នើសុំការអនុញ្ញាតត្រឹមត្រូវទៅកាន់សមត្ថកិច្ច ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងពុំមានការទទួលស្គាល់ពីអង្គភាពណាមួយនោះទេ។ ពោលគឺជាក្រុម ដែលបង្កើតឡើងដោយខ្លួនឯង ពុំគួរមានសិទ្ធិរហូតដល់ការបំពាក់សំឡេងស៊ីរ៉ែន ហើយធ្វើសកម្មភាពបែបនេះនៅលើដងវិថីឡើយ។

ជាមួយគ្នានេះដែរ វាបានបង្កហានិភ័យគ្រោះថ្នាក់យ៉ាងខ្លាំងនៅលើដងផ្លូវ ដោយហេតុថាមិនមានការបណ្ដុះបណ្ដាលត្រឹមត្រូវពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ក្នុងសិទ្ធិពិសេសណាមួយនោះទេ ភាគច្រើនការក្រុមនេះបើកបរលើសល្បឿនកំណត់ ការជែងយានយន្តផ្សេងៗនៅលើផ្លូវ មិនគោរពច្បាប់ ដែលកន្លងមកមានករណីគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតខ្លួនឯង និងនាំហានិភ័យដល់អ្នកដទៃទៀតផង។

មួយវិញទៀត វាក៏បណ្ដាលឱ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ បង្កឱ្យមានបញ្ហាជាច្រើនទៅដល់ប្រជាពលរដ្ឋរួមមាន ការប្រើពាក្យសម្ដី និងកាយវិការមិនសមរម្យទៅលើអ្នកដំណើរ ជាពិសេសការបើកបរឆ្វេចឆ្វាច ដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សង្គម។ ពាក់ព័ន្ធនឹងករណីនេះ ប្រជាពលរដ្ឋជាច្រើនបានរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីអន្តរាគមន៍លើពួកគេបន្ទាប់ពីសង្កេតឃើញថាសកម្មភាពនេះបានបង្កភាពអនាធិបតេយ្យ។

គួរកត់សម្គាល់ថា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ កងកម្លាំងសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្លាប់បានធ្វើការណែនាំមិនឱ្យក្រុមអ្នកបើកបរម៉ូតូ បើកផ្លូវឱ្យរថយន្តពេទ្យសង្គ្រោះបន្ទាន់បន្តធ្វើសកម្មភាពតទៅទៀតឡើយ។

ជារួម ទង្វើទាំងនេះគួរមានគោលកាណ៍ត្រួតពិនិត្យឱ្យបានច្បាស់លាស់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង ស្ថាប័នពាក់ព័ន្ធជាដើម ដើម្បីរកដំណោះស្រាយ និងចាត់វិធានាការតាមផ្លូវច្បាប់ឱ្យមានប្រសិទ្ធិភាព ចៀសវាងការជះឥទ្ធិពលអវិជ្ជមានកាន់តែខ្លាំងដល់សង្គមជាតិ៕