ឯកឧត្តម ហ៊ុន ម៉ានី៖ «ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា មិនមែនជារឿងចៃដន្យនោះទេ»
នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី អនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះលេខ១ ក្នុងស្រុកគងពិសី។
ក្រោមបរិយាកាសប្រកបដោយភាពស្និទ្ធស្នាលនៃជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍ផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំជង្រុក ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។
ឯកឧត្តម បានមានប្រសាសន៍ថា ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧នេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតគាំទ្រដ៏ច្រើនលើសលប់ក្នុងប្រវត្តិសាស្ត្រនៃការបោះឆ្នោតកន្លងមក ក្នុងនោះក្នុងឃុំជង្រុកផ្ទាល់បានទទួលសំឡេងគាំទ្រដល់ទៅ ៨៦,៦២% បើធៀបទៅនឹងសន្លឹកឆ្នោតបានការ ដែលធ្វើឱ្យឃុំជង្រុកជាប់ចំណាត់ថ្នាក់លេខ១ ក្នុងស្រុកគងពិសី។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា ការទទួលបានជ័យជម្នះនេះ មិនមែនជារឿងចៃដន្យនោះទេ គឺសុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ ក្រុមការងារចលនាបោះឆ្នោតឃុំ សមាជិក សមាជិកា ក្នុងស្មារតីស្រលាញ់គាំទ្រយ៉ាងស្ម័គ្រស្មោះជូនចំពោះគណបក្សប្រជាជនកម្ពុជា។
ជាចុងក្រោយ ឧត្តមក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការគាំទ្រ និងជឿជាក់លើគណបក្សប្រជាជនកម្ពុជា និងការដឹកនាំរបស់រាជរដ្ឋាភិបាលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងការបំពេញបេសកកម្មបម្រើជាតិ និងមាតុភូមិ៕