ឯកឧត្តម ហ៊ុន ម៉ានី: «បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅក្រសួងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ។»
នេះជាសាររបស់ឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ បន្ទាប់ពីមានការកំណត់បញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីថ្មី ដែលនឹងត្រូវកាន់តំណែងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។
តាមរយៈសារនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម បានរៀបរាប់ថា «ក្នុងរយៈកាល ១០ ឆ្នាំ នៃតួនាទីជាតំណាងរាស្រ្តក្នុងមណ្ឌលខេត្តកំពង់ស្ពឺ ខ្ញុំបានទទួលនូវក្តីស្រលាញ់ ជំនឿជាក់ ជាពិសេស ឱកាសនៃការចូលរួមចំណែកក្នុងការកសាង អភវិឌ្ឍខេត្តយ៉ាងរីកចម្រើន។
លើសពីកិត្តិយសដែលបានបម្រើប្រជាជនខេត្តកំពង់ស្ពឺ ខ្ញុំបានរៀនសូត្រជាច្រើនពីការងារទាំងអស់នេះ ពីអ៊ុ ពូមីង បងប្អូន ជាមន្រ្តីរាជការ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានផ្តល់នូវដំបូន្មានល្អ ភាពកក់ក្តៅ ការប្រាស្រ័យទាក់ទងល្អ ជាពិសេសគឺបទពិសោធន៍ដ៏មានតម្លៃពីការធ្វើការងារជាមួយអ៊ុពូមីងដោយផ្ទាល់នៅគ្រប់ជាន់ថ្នាក់។»
ឯកឧត្តម បានបន្តថា «ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧កន្លងទៅនេះ បានសរបញ្ជាក់ឱ្យឃើញពីទឹកចិត្តស្រលាញ់ អាណិត ជឿទុកចិត្តយ៉ាងពេញទំហឹងពីបងប្អូនអ្នកខេត្តកំពង់ស្ពឺតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាក្នុងអត្រាខ្ពស់ នាំឱ្យគណបក្សអាចរក្សាប្រៀបឈ្នះ និងទទួលបានអាសនៈ ៦ លើ ៦។ ខ្ញុំពិតជាគ្មានអ្វីដើម្បីថ្លែងអំណរគុណចំពោះការផ្តល់សេចក្តីទុកចិត្តនេះ ក្រៅពីខិតខំប្រឹងប្រែងធ្វើការបម្រើលោកយាយ លោកតា អ៊ុ ពុកម៉ែ មាមីងបងប្អូនកាន់តែទ្វេដង។ ក្នុងនីតិកាលថ្មីនេះ បើទោះបីជាខ្ញុំត្រូវបានចាត់តាំងទៅបំពេញភារកិច្ចនៅក្រសួងក៏ដោយ ក៏បេះដូង ការបំពេញការងារ និងការប្តេជ្ញាចិត្តរបស់ខ្ញុំនឹងបន្តនៅជាមួយអ្នកខេត្តកំពង់ស្ពឺដដែល មិនប្រែប្រួលឡើយ។ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា រាជរដ្ឋាភិបាលថ្មីនឹងបន្តថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ ជាពិសេសនឹងរិតតែបន្តលើកតម្កើងកិត្យានុភាពព្រះរាជាណចក្រកម្ពុជាឱ្យឈានខ្ពស់ឡើងតទៅមុខ។»
គួរបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសពីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រសម្រាប់អាណត្តិទី៧ ក្នុងនោះមានឯកឧត្តម ហ៊ុន ម៉ានី ជាបេក្ខភាពមួយរូបក្នុងចំណោម១២៥រូប ដែលសុទ្ធតែជាឥស្សរជនឆ្នើម និងមានសមត្ថភាពក្នុងការដឹកនាំប្រទេសជាតិ៕