|

មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា បង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ»


អ្នកស្រាវជ្រាវ និងក្រុមការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា ដឹកនាំដោយ លោក ដាវ អានសាន បានធ្វើបទបង្ហាញពីលទ្ធផលនៃរបាយការណ៍ស្រាវជ្រាវ ស្តីពី «ការវាយតម្លៃសមត្ថភាព និងការអភិវឌ្ឍគំរូការអប់រំស្ទែមសម្រាប់វិទ្យាល័យ៖ ករណីសិក្សាខេត្ដកំពង់ស្ពឺ» ជូនឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី
លោក ដាវ អានសាន

វត្ថុបំណងនៃការសិក្សា គឺដើម្បីស្វែងរកគំរូអប់រំស្ទែមដែលសមស្របបំផុតសម្រាប់ខេត្ដកំពង់ស្ពឺ ដែលជាខេត្ដមួយមានលក្ខខណ្ឌគ្រប់គ្រាន់ ដើម្បីស្នើគំរូអប់រំមួយដែលមានសក្ដានុពលអាចពង្រីកជាក្របខ័ណ្ឌទូទាំងប្រទេស។ ជាគោលគំនិត ការសិក្សានេះមានគោលបំណងសំដៅក្នុងការរៀបចំជំនាញរបស់សិស្សបញ្ចប់ការសិក្សា សម្រាប់កម្លាំងពលកម្មដែលពោរពេញដោយជំនាញ ជាពិសេសសម្រាប់តំបន់ឧស្សាហកម្ម និងសម្រាប់ការអប់រំក្រោយមធ្យមសិក្សា ជាមួយនឹងមូលដ្ឋានរឹងមាំក្នុងវិស័យស្ទែម ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនាពេលអនាគត។

ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី បានផ្ដល់អនុសាសន៍ដ៏មានតម្លៃសម្រាប់មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជាដើម្បីពិចារណា និងសិក្សាបន្ត។

សូមជម្រាបថា មជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា(ម.អ.ក) ជាស្ស្ថាប័នស្រាវជ្រាវមិនរកប្រាក់ចំណេញមួយ ដែលផ្តោតទៅលើការចូលរួមក្នុងការអភិវឌ្ឍប្រកបដោយនិរន្តភាព និងសន្តិភាព ជាពិសេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ ការអភិវឌ្ឍគោលនយោបាយជាតិ និងអន្តរជាតិ និងការកសាងសមត្ថភាពធនធានមនុស្សក្នុងបរិបទនៃសកលភាវូបនីយកម្មនិងតំបន់យ៉ាងស៊ីជម្រៅនាពេលបច្ចុប្បន្ន ព្រមទាំងការកើនឡើងគួរឲ្យកត់សម្គាល់នៃភាពស្មុគស្មាញនៃការអភិវឌ្ឍគោលនយោបាយអន្តរជាតិ។